តើមន្រ្តីជាប់កិច្ចសន្យា មានសិទ្ធិ ឃាត់យានយន្ត ប្រជាពលរដ្ឋ បានដែរឺទេ? មេប៉ូលិស ធ្លាប់បានពន្យល់ក្បោះក្បាយ តាម ទូរទស្សន៍ធំ រួចហើយ!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា:នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាងក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យាបានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហើយក៏មានការថតរូបភាពវីដេអូសកម្មភាពមន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿងបានដឹកម៉ូតូចំនួន៥គ្រឿងនៅលើរ៉ឺម៉កនិងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធិ ឃាត់យានយន្តប្រជាពលរដ្ឋបានរដែរឺទេ?។

ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម លោក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តីជាប់កិច្ចសន្យានិងមន្រ្តីនគរបាលចរាចរណ៍សរុប០៤នាក់ឈរជើងគោលដៅខាងលើឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

មន្រ្តីទាំងនេះបានបំភ្លឺឲ្យដឹងថាម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឲ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឲ្យម៉ូតូរ៉ឺម៉កនោះឈប់ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យាទើបមន្រ្តីកិច្ចសន្យាកាក់ហៅឲ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ។គួរបញ្ជាក់ថា:កាលពីកន្លងទៅនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់តាមសារព័ត៌មានទូរទស្សន៍ធំមួយ អំពី តួនាទីភារកិច្ចរបស់មន្រ្តីជាប់កិច្ចសន្យា រួចមកហើយ

ទី១.គាត់មានសិទ្ធស្លៀកពាក់ឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា សហការជាមួយមន្រ្តីនគរបាលចរាចរណ៍សម្រួលដោះស្រាយការកកស្ទះចរាចរណ៍

ទី២.គាត់គ្មានសិទ្ធពាក់ឯកសណ្ឋានមន្រ្តីនគរបាលចរាចរណ៍ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ

ទី៣.គ្មានសិទ្ធអង្គុយសរសេរវិក័យប័ត្រផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ទី៤.គ្មានសិទ្ធបង្កើតក្រុមរបស់ពួកគាត់ទៅលួចឈរជើងគោលដៅណាមួយដោយគ្មានការដឹកនាំបញ្ជាពីមន្រ្តីនគរបាលចរាចរណ៍

ទី៥.គាត់ជាជំនួយការរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកដឹកនាំដោយមន្រ្តី នគរបាលចរាចរណ៍។

និងទី៦.គាត់មានសិទ្ធចាប់ឃាត់រាល់បទល្មើសជាក់ស្តែងនៅលើដងផ្លូវរួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។

សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ លោក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តពង្រឹងវិន័យចំពោះមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបើក្នុងករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត។


គួររំលឹកផងដែរថា កាលពី ថ្ងៃទី ០២ ខែកក្កដាបឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ០២នាក់ ឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។

បច្ចុប្បន្ន មន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង២នាក់ ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍ និងបទបបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច។

ជុំវិញ ករណីខាងលើ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាតំណាងរាស្ត្រ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានចែករំលែក វីដេអូ ខ្លីមួយ និងបានសរសេរភ្ជាប់ពាក្យ រិះគន់ធ្ងន់ៗ ពីទង្វើរបស់ សមត្ថកិច្ច នៅស្តុប២០០៤ ដែលមានខ្លឹមសារ ទាំងស្រុង ថា «សីលធម៌ វានឹងលើកតម្លៃ ឯកសណ្ឋាន របស់លោក ឬ ក៏ជាន់ អស់លោក ទៅក្នុង លាមក !»

ដោយឡែកកាលពី កន្លងទៅ បើយោងតាម ផេក ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ជូនសាធារណជនថា ក្រោយពី ទទួលបានព័ត៌មាន ដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធ មន្ត្រីនគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរ គ្មានបទល្មើស នាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និង លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅ មន្រ្តី២នាក់ ដែលបានកាក់ហៅម៉ូតូ ប្រជាពលរដ្ឋ ឲ្យចូលមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ ពិនិត្យសម្រេច។

អត្ថបទដែលជាប់ទាក់ទង
Open

Close