ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មានឈ្មោះ TNB TV ដែលបានផ្សព្វផ្សាយវីដេអូឃ្លីបរថយន្តបើកដាច់ធ្លាក់រនាំងទ្រុងខាងក្រោយ និងភ្ជាប់ខ្លឹមសារថា មកលេងស្រស់ៗតែម្តង! ខាងក្នុងឡាននឹងណាគេ?
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ បានចាត់ឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់រថយន្តម៉ាក NISSAN ប្រភេទបែន ពណ៌បៃតង ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-0762 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ចាន់ សាវឿន អាយុ៥៧ឆ្នាំ មានទីលំនៅភូមិទែន ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចូលខ្លួនមកបំភ្លឺ និងទទួលស្គាល់ដែលខ្លួនបានបើកបរធ្វេសប្រហែសលើផ្លូវជាតិលេខ៣ កាលពីកន្លងមក។
ចំណាត់ការៈ ករណីខាងលើនេះកម្លាំងជំនាញ ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានឱ្យម្ចាស់រថយន្តខាងលើធ្វើការសុំទោសជាសាធារណៈ។
អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប!