អភិបាលខេត្តតាកែវថ្មី ទុកពេលអោយ ១សប្តាហ៍ ដល់ ម្ចាស់អាជីវកម្ម ក្នុងការរុះរើ ស្លាកសញ្ញា ពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ
ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្ត តាកែវឱ្យបានជ្រាបថា៖ កន្លងមករដ្ឋបាលខេត្ត បានសង្កេតឃើញថាមានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ នឹងធ្វើការកោតសរសើរចំពោះការចូលរួមសហការពី សំណាក់លោក-លោកស្រីជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជដ្ឋាន មួយចំនួនដែលបានធ្វើ ការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងទៀត ក្នុងខេត្តតាកែវ។
ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយ អំពើហឹង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើ ចេញជាបន្ទាន់ ក្នុងរយ:ពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និង គ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី មេត្តាជ្រាបតាមការគួរ និងចូលរួម សហការអនុវត្តដោយស្មារតីទទួលខុសត្រូវចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។



