រយៈពេល ៦ខែ ក្រុមការងារពិសេស ត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតី នៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១)- យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ក្នុងក្របខណ្ឌនៃយុទ្ធនាការ, ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី ហើយបានរកឃើញថា មាន ៧៣ ករណី ដែលតុលាការបានចេញសេចក្តីសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ, ១៤ករណី មានភាពសង្ស័យ ថាអាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការ ពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ, ៩ករណី បានចាត់ឱ្យមានការចុះធ្វើអធិការកិច្ច ហើយ ៤ករណីទៀត ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី ដែលភាគីអាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការ លើសំណុំរឿងរបស់ខ្លួន មានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការ នៃយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាមដែលមានលេខ 099 444 181។