ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានសម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរបរិស្ថាន នៅខេត្តចំនួន២រូប គឺប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឲ្យមកបំរើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ ។
យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីកន្លងមកនេះ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូបរបស់ក្រសួងបរិស្ថាន គឺ១-លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តវរមន្ត្រី ថ្នាក់លេខ១ ពីប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ ២-លោកគង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្ត មមន្ត្រីថ្នាក់លេខ៥ ពីប្រធានមន្ទីបរិស្ថាន ខេត្តពោធិ៍សាត់ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ ។
គួរំលឹកផងដែរថា លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវបានប្រកាសអោយចូលកាន់តំណែង កាលពី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
គ្រានោះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលទើបនឹងទទួលបានការតែងតាំងថ្មី បានឡើងប្ដេជ្ញាចិត្ត ខិតខំធ្វើយ៉ាងណាដឹកនាំការងារក្នុងមន្ទីរបរិស្ថាន ឱ្យមានភាពរលូនជានិច្ច ទាំងការសាមគ្គីភាពផ្ទៃក្នុង ទាំងការងារការពារព្រៃឈើ និងសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភ្នំសំកុស តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់អភិរក្សផ្សេងទៀត ក្នុងដែនទទួលខុសត្រូវរបស់ខ្លួន ដើម្បីគោរពទៅតាមច្បាប់ផែនការ និងបទបញ្ជា របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
ដោយឡែក លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្លាប់ត្រូ បាន អភិបាលខេត្តមណ្ឌលគិរី ដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ចឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ។
នៅក្នុងលិខិត របស់ រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ថា យោង ស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ៧ ចំណុចនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងការចាត់វិធានការរដ្ឋបាលមន្ត្រីពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ។
យោងស្មារតីកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើករណីនេះ ស្នើសុំលោក រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដូចខាងក្រោម៖ ១- ស្នើសុំសម្រួលភារកិច្ចលោក ឆៅ ប៊ុនធឿន ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើ ការងារនៅទីស្តីការក្រសួងបរិស្ថាន។ ២- ស្នើសុំតែងតាំងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដើម្បីដឹកនាំការងារបណ្តោះអាសន្ននៅមន្ទីរ ។ ៣-សូមគោរពស្នើសុំលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមន្ត្រីមួយរូបដែលមានសមត្ថភាពមានការទទួលខុសត្រូវ និងមានទំនាក់ទំនងការងារល្អដើម្បីតែងតាំងជា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។