ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវ ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ..!
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបានបង្កើតឡើងចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក ក្នុងគោលដៅ៖
១). ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល។
២). ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជីវភាព ៣). ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។
និង៤). ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។