ការលែងគោ ដើរស៊ីពាសវាលពាសកាល បែបនេះ បើបង្កគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី!

រដ្ឋបាលស្រុកខ្សាច់កណ្តាល ៖ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វ ពាហនៈ (គោ ក្របី ពពែ…) សូមមើលថែរ ចិញ្ជឹមដោយទទួលខុសត្រូវ មិនត្រូវព្រលែងសត្វដើរពាសវាលពាសកាលតាមដងផ្លូវសាធារណៈ ទីប្រជុំជន ទីស្រែ ចំការ ឡើយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈជាយថាហេតុ និងចូលរួមថែរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពតាមដងផ្លូវ តាមទីប្រជុំជន និងតាមទីសាធារណៈក្នុងមូលដ្ឋានបានល្អប្រសើរផង ៕
សូមអរគុណទុកជាមុន ចំពោះការចូលរួម!

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា ៨៦ ករណីលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់ ជនលែងសត្វដែលខ្លួនចិញ្ចឹម អោយដើររហេតរហូតលើផ្លូវថ្នល់បណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។

យោងតាម​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា បណ្តាល​ឱ្យ​ស្លាប់​អ្នកដទៃ ជា​បទល្មើស​មនុស្យ​ឃាត​ដោយ​អចេតនា​​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​​រៀល​ទៅ​ ៦ ​លាន​រៀល​។ ដោយឡែក​​សំណង​ព្យសនកម្ម​លើ​ជនរងគ្រោះ ជា​​ការទទួល​ខុសត្រូវ​របស់​ជនល្មើស​។ ​មាត្រា​ ៧៥០ នៃ​ក្រមរដ្ឋប្បវេណី ឆ្នាំ​ ២០០៧ ចែងថា បុគ្គល​ដែល​កាន់កាប់​សត្វ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការសង​ការខូចខាត​ដែល​កើត​ឡើងដល់​អ្នកដទៃ​ដោយ​សត្វ​ដែល​ខ្លួន​បាន​កាន់កាប់​។

អត្ថបទដែលជាប់ទាក់ទង
Open

Close