ខេត្តកណ្ដាល៖ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកណ្ដាល ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៩ កក្កដា ម្សិលមិញនេះ លោក គួចចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការខេត្តកណ្តាល បានណែនាំចំពោះមន្ត្រីទាំងអស់ មិនថាអាជ្ញាធរ កម្លាំងសមត្ថកិច្ច គ្រប់មូលមូលដ្ឋានណា ត្រូវដកខ្លួនចេញ ពីល្បែងសុីសងគ្រប់ប្រភេទ បើពុំនោះសោតទេ និងត្រូវចាត់វិធាន តាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ។
លោក គួច ចំរើន ឱ្យដឹងថា៖ បច្ចុប្បន្ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចក្រុង-ស្រុកទាំង១៣ ត្រូវអនុវត្តគោលការណ៍ របស់ សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនិង បញ្ហាក្រុមក្មេងទំនើង ក្រុមបងធំបងតូច ក្រុមដាវសាម៉ូរ៉ៃ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទ ដែលកើតមាន នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
អភិបាលខេត្តរូបនេះ បន្តថា កន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការបិទក្រុមហ៊ុនល្បែងស៊ីសង គ្មានច្បាប់អនុញ្ញាត សរុបចំនួន៨១៩ ទីតាំង ហើយនៅសល់ ៤ ទីតាំងទៀត គឺក្រុមហ៊ុន ដែលមាន អាជ្ញាប័ណ្ណ នៅមានសុពលភាព។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារពិសេស តាមដានការអនុវត្ត គោលការណ៍ របស់ សម្តេច នាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខ សណ្ដាប់សង្កម បានសំណូមពរដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកណ្ដាល ត្រូវពង្រឹងការអនុវត្តច្បាប់ ស្ដីពីការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវឱ្យមាន ការកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឡើយ។
ជាមួយគ្នានេះ លោក ជួន សុវណ្ណ ក៏បានក្រើនរំលឹកផងដែរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចេញលិខិតអនុញ្ញាតឱ្យ បើកល្បែងស៊ីសងគ្រប់ប្រភេទ ឡើយ ហើយប្រសិនមន្ត្រីឬអាជ្ញាធរមូលដ្ឋានណា ដែលនៅតែចេញលិខិតបើកល្បែងស៊ីសងទៀតនោះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ដែលបានកំណត់។
លោក ជួន សុវណ្ណ បានស្នើឱ្យអាជ្ញាធរខេត្ត ត្រូវពិនិត្យឡើងវិញ នូវទីតាំងល្បែងស៊ីសងទាំងឡាយ ដែលបានបិទរួចហើយ ត្រូវចុះពិនិត្យតាមដាន ឡើងវិញ មិនត្រូវឱ្យមាន ទីតាំងណាមួយ បើកដំណើរការឡើងវិញឡើយ៕
ប្រភព៖ ក្រុមព័ត៌មានខេត្តកណ្តាល