ហ្វេសប៊ុក មួយ ផ្សាយថា «ស្នងការរងខេត្តកំពង់ស្ពឺ ម្នាក់ ចាប់ខ្លួនអ្នកលេងល្បែងពីរនាក់ ទារលុយ ៣០០០ដុល្លារ តែអ្នកលេងល្បែងពីរនាក់នោះមានតែលុយ ២០០០ដុល្លារ អោយគាត់ តែគាត់មិនយក ក៏បញ្ជូនទៅតុលាការចាត់ការ» ផេក ស្នងការ បំភ្លឺ ទាំងយប់…!
ខេត្តកំពង់ស្ពឺ៖ នាយប់ ម៉ោងជិត១១ ថ្ងៃទី ៨ កក្កដា ២០២៤ ផេកផ្លូវការ របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ជាក់ជូនសាធារណៈជន អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ក្នុងពេលថ្មីៗនេះ មានគណនីហ្វេសប៊ុក ផែង វណ្ណៈ បានផ្សាយព័ត៌មាន “ លឺដំណឹងថាលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងខេត្តកំពង់ស្ពឺ ចាប់ខ្លួនអ្នកលេងល្បែងពីរនាក់ ទារលុយចំនួន ៣០០០ ដុល្លារ តែអ្នកលេងល្បែងពីរនាក់នោះមានតែលុយ ២០០០ ដុល្លារ អោយគាត់ តែគាត់មិនយក ក៏បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ យី ខ្វះតែ ១០០០ដុល្លារសោះមិនព្រម អោយលោក សម សាក់ បែជាសុខចិត្តជាប់ឃុំទៅវិញ ? សូមលោក ឧត្ដមសេនីយ៍ សម សាក់ មេត្តា បំភ្លឺផង តេីមានបានចាប់ឃាត់ខ្លួនអ្នកលេងល្បែងទារលុយ ៣០០០ ដុល្លារ ដូចគេថាមែនដែរឬទេ ? តាមដំណឹងថា ឃាត់ខ្លួនទុកតថ្លៃគ្នា ៣-៤ ថ្ងៃឯណោះ តថ្លៃមិនត្រូវទេីបបញ្ជូនទៅតុលាការថ្ងៃនេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមអនឡាញ) នៅចំណុចភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ដោយបានឃាត់ខ្លួនចំនួន០៣នាក់÷(១)ឈ្មោះ ភុន ណុល ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ(អ្នកកាន់ម៉ាស៊ីនមេស៊ីសង) (២)ឈ្មោះសំ វុន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី(ម្ចាស់ផ្ទះ) (៣)ឈ្មោះឆុន សារុន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី (អ្នកលេង) ដកហូតវត្ថុតាងរួមមាន÷លុយចំនួន៣៥១០០០រៀល កុំព្យូទ័រ០១គ្រឿងនិងស៊ីភីយូ ០១ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ចាម 1Y-2719 និងទូរស័ព្ទ០១ គ្រឿងម៉ាកអាយហ្វូន Xពណ៌ខ្មៅ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បីចំណាត់ការនីតិវិធីបន្ដ ។ បច្ចុប្បន្នក្រោយដំណេីរការតាមនីតិវិធី ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការតាមច្បាប់ ។
ពាក់ព័ន្ធករណីដែលបានលេីកឡេីងដោយម្ចាស់គណនីហ្វេសប៊ុក ខាងលេី ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នឹងទទួលយកដេីម្បីធ្វេីការស្រាវជ្រាវស៊េីបបញ្ជាក់រកការពិត ថាតេីពិតជាមានករណីដូចអ្វីដែលបានលេីកឡេីងនោះយ៉ាងណា? តែមុននេះយោងតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ចំពោះព័ត៌មានដែលផ្សាយថាមានការចរចាទារប្រាក់ ៣០០០ ដុល្លារ មិនត្រូវទេីបបញ្ជូនទៅតុលាការ គឺជារឿងមិនពិតនោះទេ ម្យ៉ាងទៀតថាឃាត់ទុក៣-៤ថៃ្ង ដេីម្បីចរចា ក៏ជារឿងមិនពិតដោយសារតែការបញ្ជូនសំណុំរឿងបានទៅដល់ដៃអយ្យការតាមនីតិវិធី រីឯដំណេីរនីតិវិធីមិនទាន់ចប់ អយ្យការសុំផ្ញេីទុកនៅអង្គភាពស្នងការដ្ឋាននគរបាលសិន។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអរគុណនិងរង់ចាំទទួលនូវការរាយការណ៍ពីគ្រប់មជ្ឍដ្ឋាន ដេីម្បីបានជាពន្លឺក្នុងការលុបបំបាត់អំពេីអសកម្មណាមួយនៅក្នុងដំណេីរការនៃការអនុវត្ដច្បាប់ ។