ក្រោយផ្លាស់ប្តូរ ចៅហ្វាយខេត្ត ចំនួន៤ តាកែវ ហាក់លិចធ្លោរជាងគេ រឿង កាត់ទម្លាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ តាមដងផ្លូវ
តាកែវ ៖ ថ្មីៗនេះ អភិបាលខេត្ត មួយចំនួន ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្លាស់ប្តូរ ផ្ទេរ និងតែងតាំងមុខតំណែង។ ក្រោយប្រកាស អោយចូលកាន់តំណែង គេសង្កេតឃើញ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ហាក់មានសកម្មភាពធ្លោរជាងគេ ដោយបានណែនាំដល់ មន្ទីរជំនាញពាក់ព័ន្ធ ឱ្យគ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរទាំងអស់ ត្រូវទម្លាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ តាមដងផ្លូវសាធារណៈ ចោលទាំងអស់ នៅទូទាំងខេត្តតាកែវ ដោយឱ្យលើកស្លាកប៉ាណូណាប្រើប្រាស់ខ្លឹមសារអប់រំល្អៗ ឬជាភេសជ្ជៈជំនួសវិញ ដើម្បីលើកស្ទួយមុខមាត់ខេត្ត។
ការណែនាំរបស់ លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តម អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ លោកអធិការក្រុងស្រុក លោកមេបញ្ជាការក្រុងស្រុក រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
គួរំលឹកដែរថា លោក វ៉ី សំណាង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវថ្មី ក្រោមអធិបតីភាពរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវថ្មីរូបនេះ ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ។
មហាជន សង្ឃឹមថា បណ្តាខេត្តរាជធានី ទាំងអស់ មេត្តា ពិនិត្យឡើងវិញ នូវការផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្មស្រាបៀរ ច្រើនហួសហេតុ ជាពិសេស ការការផ្ទាំងប៉ាណូ កាត់ទទឹងផ្លូវ ដែលកន្លងទៅធ្លាប់បាក់ សង្កត់មនុស្សថែមទៀតផង៕