មេប៉ូលិសក្រុងភ្នំពេញ បញ្ជាអោយកោះហៅ ប៉ូលិសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា២នាក់ ឈរជើងនៅគោលដៅស្តុប ណតប្រ៊ីត ផ្លូវ២០០៤ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន សង្គម ចោទថាបាន កាក់ចាប់ចង្កូតម៉ូតូ ប្រជាពលរដ្ឋ បណ្តាលឲ្យដួល
ភ្នំពេញ៖ យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:បក្រោយពីទទួលបានព័ត៌មាន ដែលបង្ហោះលើបណ្តាញព័ត៌មានសង្គម នៅព្រឹកថ្ងៃទី០២ ខែកក្កដាបឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍វនិងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។
បច្ចុប្បន្ន មន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង២នាក់ ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍ និងបទបបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច។
ជុំវិញ ករណីខាងលើ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាតំណាងរាស្ត្រ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានចែករំលែក វីដេអូ ខ្លីមួយ និងបានសរសេរភ្ជាប់ពាក្យ រិះគន់ធ្ងន់ៗ ពីទង្វើរបស់ សមត្ថកិច្ច នៅស្តុប២០០៤ ដែលមានខ្លឹមសារ ទាំងស្រុង ថា «សីលធម៌ វានឹងលើកតម្លៃ ឯកសណ្ឋាន របស់លោក ឬ ក៏ជាន់ អស់លោក ទៅក្នុង លាមក !»
គួររំលឹកផងដែរថា កាលពីថ្មីៗ កន្លងទៅ បើយោងតាម ផេក ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ជូនសាធារណជនថា ក្រោយពី ទទួលបានព័ត៌មាន ដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធ មន្ត្រីនគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរ គ្មានបទល្មើស នាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និង លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅ មន្រ្តី២នាក់ ដែលបានកាក់ហៅម៉ូតូ ប្រជាពលរដ្ឋ ឲ្យចូលមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ ពិនិត្យសម្រេច។