តាកែវ ៖ អ្នកច្បាប់បានរម្លឹកឱ្យយុជនកែខ្លួនមុនពេលក្លាយជាក្មេងទំនើងប្រព្រឹត្តបទល្មើសឬសមត្ថកិច្ចនិងតុលាការចាត់វិធានការ ។ ការដាស់តឿនក្រុមយុវជនបែបនេះ គ្រាដែលរដ្ឋាភិបាលបាននិងកំពុងបោសសម្អាតក្រុមក្មេងទំនើង ឬយុវជនក្រៅសង្គម ។
ក្នុងរយ:ពេលថ្មីៗនេះ គេសង្កេតឃើញថា សកម្មភាពរបស់ក្មេងទំនើង បានកើនឡើង គួរឱ្យព្រួយបារម្ភ។ សកម្មភាពនេះបានកើនឡើងទាំងនៅរាជធានីភ្នំពេញ ទាំងនៅបណ្ដាខេត្តនានា ។
ពេលបានឃើញសកម្មភាពនេះកើតឡើង មហាជនក៏ដូចជា អ្នកតាមដានស្ថានការណ៍សង្គមនានា បានបង្ហាញការយល់ឃើញខុសៗគ្នា អំពីមូលហេតុដែលនាំឱ្យសកម្មភាពនេះកើតឡើង ហើយពួកគេក៏បានសាកល្បងលើកឡើងនូវ ដំណោះស្រាយផ្សេងៗផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលពួកគេបានលើកឡើងនោះ គ្រាន់តែជាការសង្កេត និងការយល់ឃើញដាច់ដោយឡែកៗពីគ្នាប៉ុណ្ណោះ វាមិនទាន់មាន ភាព សព្វជ្រុងជ្រោយនៅឡើយទេ។ ចុះធ្វើដូចម្ដេចទើបទទួលបានចម្លើយពិតប្រាកដចំពោះ បញ្ហានេះ?
ព្រះរាជអាជា្ញអមសាលាដំបូងខេត្តតាកែវ លោក ឯក ឆេងហួត បានក្រើនរម្លឹកឱ្យយុវជនកែខ្លួនមុនធ្លាក់ក្នុងរណ្ដៅបទល្មើស ។ ការដាស់តឿនពីអ្នកច្បាប់រូបនេះ គឺមិនចង់ឱ្យក្រុមយុវជនខូចអនាគតដែលសង្គមស្អប់ខ្ពើមខណៈខ្លួនប្រព្រឹត្តិល្មើស ។
លោក ឯក ឆេងហួត បានបញ្ជាក់នៅថ្ងៃទី២៤ មិថុនា ថា សមត្ថកិច្ច ឬតុលាការមិនបានបន្ធូរដៃឬអត់ឱនឱ្យអ្នកប្រព្រឹត្តបទល្មើសឡើយ ។
បើតាមលោក ឯក ឆេងហួត គិតចាប់ពីខែមករា មកដល់ថ្ងៃទី២៤ មិថុនា ២០២៤ នេះ តុលាការខេត្តតាកែវ បានចាត់វិធានការបទល្មើស៣៩រឿងហើយ ក្នុងនោះមានមនុស្សជាង១០០នាក់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៣ មិថុនា គឺតុលាការបានចាត់វិធានការ១០រឿងហើយ ក្នុងនោះមានមនុស្ស៤៣នាក់ ។ និយាយឱ្យចំគឺតំណាងអយ្យការអមសាលាដំបូងខេត្តរាកែវ បានចាត់វិធានការសំណុំរឿងក្មេងទំនើងអស់ភាគច្រើនហើយ ពោលនៅសល់តែ៤រឿងប៉ុណ្ណោះដែលពួកគេរត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ ៕