រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្ត នូវ វីដេអូឃ្លីប អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ប្រហារសម្លាប់មនុស្ស នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់!

នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយ នូវឃ្លីប វីដេអូនៃហេតុការណ៍ អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយបន្ត។

ឯកឧត្តម រដ្ឋមន្ត្រី សូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ត និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ដូច្នេះ ឯកឧត្តម សូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្ត នូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពី ឯកឧត្តម និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ!

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព។

សូមគោរពអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close