កម្លាំងសមត្ថកិច្ច ប្រើទង្វើមិនសមរម្យ ទៅលើក្មេងប្រុសបង្ហោះកង់! លោកស្នងការ បានកោះហៅ មេប៉ុស្តិ៍ មកសួរនាំហើយ!
ខេត្តកណ្តាល ៖ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Seav Ey បានបង្ហោះវីដេអូ កម្លាំងសមត្ថកិច្ចប្រើទង្វើមិនសមរម្យទៅលើក្មេងប្រុសបង្ហោះកង់ ដោយភ្ជាប់ជាមួយខ្លឹមសារថា «សកម្មភាពនឹងទង្វើបែបនេះតើត្រូវច្បាប់ដែរឬទេ? ក្មេ..ងៗបង្ហោះកង់នៅក្នុងចំការស្វាយ ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល»។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យការិយាល័យបុគ្គលិក កោះហៅលោកអនុសេនីយ៍ឯក នាង ផានិត តួនាទី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល មកសួរនាំ នៅការិយាល័យបុគ្គលិក អំពីមូលហេតុរូបភាពវីដេអូដែលបានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក។
តាមការបំភ្លឺលោកអនុសេនីយ៍ឯក នាង ផានិត បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះល្បាតដាក់គោលដៅត្រួតពិនិត្យបង្ការ បង្រ្កាបក្មេ..ងទំ..នើង។ នៅថ្ងៃខែឆ្នាំដដែល លោកនាយប៉ុស្តិ៍ បានបញ្ជាឱ្យខ្ញុំដឹកនាំប្រជាការពារចំនួន០៦នាក់ ទៅប្រចាំការនៅសាលាដំណាក់ព្រែកគ្រួស លុះដល់ម៉ោងប្រហែល០៨យប់ មានក្មេ..ងប្រុសម្នាក់ឈ្មោះ ឡែន អា..យុប្រហែល១៥..ឆ្នាំ បានជិះម៉ូតូមកប្រាប់ថា «អាទ្រី» កំពុងបង្ហោះកង់នៅជិតមុខផ្ទះរបស់ខ្ញុំ ស្ថិតនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ។ ក្រោយទទួលបានព័ត៌មាននេះហើយខ្ញុំក៏បានឱ្យលោក វ៉ាត កុសល់ និងលោក នៅ ដែន ប្រជាការពារទៅហៅឈ្មោះ ទ្រី ដែលបានបង្ហោះកង់នោះ។ ពេលមកដល់ខ្ញុំក៏បានណែនាំ អប់រំ ឱ្យឈប់បង្ហោះកង់ទៀត ហើយឱ្យមិត្តភ័ក្រ្តឈ្មោះទ្រី ទៅប្រាប់យាយរបស់ឈ្មោះទ្រី ដើម្បីមកទទួលយកទៅវិញនិងឱ្យសុំទោសយាយរបស់ខ្លួន និងសន្យាឈប់បង្ហោះកង់ ឬម៉ូតូបន្តទៀត។ ដោយមានសំណូមពរពីយាយរបស់ឈ្មោះទ្រី បន្ថែមទៀតឱ្យអប់រំ ទៅចៅឱ្យខ្លាំងបន្តិច ប៉ុន្តែឈ្មោះទ្រី មានអាកប្បកិរិយាមិនចង់និយាយអ្វីទាំងអស់ ខ្ញុំក៏បានគោះស្មាឈ្មោះ ទ្រី ចំនួន០៣ដៃ ដើម្បីឱ្យធ្វើការសុំទោសយាយរបស់ខ្លួន ភ្លាមនោះឈ្មោះទ្រី ក៏បានធ្វើតាម និងសន្យាឈប់បង្ហោះ កង់ ឬម៉ូតូនៅចំពោះមុខយាយរបស់ខ្លួន រួចក៏ឱ្យត្រឡប់ទៅផ្ទះវិញ។ ចំពោះរូបភាពវីដេអូ ដែលខ្ញុំបានគោះស្មាចំនួន០៣ដៃនោះ គឺពិតប្រាកដមែន តែក្នុងគោលបំណងឱ្យឈ្មោះទ្រី ឆ្លើយ និងសុំទោសចំពោះមុខសមត្ថកិច្ច និងយាយរបស់ខ្លួនតែប៉ុណ្ណោះ។
ជាចំណាត់ការបន្ត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯក នាង ផានិត ត្រូវបានកោះហៅឱ្យមកបង្ហាញខ្លួន នៅការិយាល័យបុគ្គលិក ដើម្បីជំនាញសួរនាំបន្ត ហើយប្រសិន រកឃើញអនុវត្តខុសបទវិន័យ នគរបាលជាតិ ត្រូវអនុវត្តតាមច្បាប់។
អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន!