មន្ទីរបរិស្ថានខេត្តព្រះសីហនុ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត”
ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរបរិស្ថានខេត្តព្រះសីហនុ រៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីរាជការតាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងក្រុងព្រះសីហនុប្រមាណជាង ៦០០នាក់។
ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក គឺដើម្បីបញ្រ្ជាបចំណេះដឹងបរិស្ថាន និងការអនុវត្ត នៅតាមទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ក្នុងការជំរុញភាពស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទីក្រុង និងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ ២០៥០។
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវសូមប្រជាពលរដ្ឋបន្តចូលរួមអនុវត្តអោយកាន់តែសកម្មនូវគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន និងយកចិត្តទុកដាក់គ្រប់គ្រងលើសំណល់ដែលយើងបានបញ្ចេញ និងចូលរួមដាំដើមឈើឡើងវិញ និងថែរក្សាធនធានដែលមានស្រាប់ឱ្យមាននិរន្តរភាព។ នាឱកាសនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមគាំទ្រ និងអនុវត្តនូវយុទ្ធនាការ«ថ្ងៃនេះខ្ញុំ មិនប្រើប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផងដែរ៕