សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ឧបត្ថម្ភអង្ករវីតាមីន ចំនួន ២០០កេស ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីប្រើប្រាស់តាមតម្រូវការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បាននាំយកអង្ករវីតាមីនចំនួន ២០០កេស មកប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានប្រព្រឹត្តទៅនៅខាងមុខអគារសម្ដេចតេជោ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភត្រា ប្រធានកិត្ដិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន និងលោក វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងលោកជំទាវដែលជាសមាជិកា និងបុគ្គលិកមន្ទីរពេទ្យជាច្រើនរូបទៀត។
លោក វេជ្ជបណ្ឌិត ចាន់ វិចិត្រ មានប្រសាសន៍ថ្លែថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលមានលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភត្រា ជាប្រធានកិត្តិយស បាននាំមកនូវអំណោយជាអង្ករវីតាមីនចំនួន ២០០ កេសជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់តាមតម្រូវការ ហើយសម្រាប់ការឧបត្ថម្ភនូវអង្ករវីតាមីននេះ ដែលជាស្បៀងដ៏ចាំបាច់បំផុត សម្រាប់ជួយជាអាហារូបត្ថម្ភដល់មនុស្សគ្រប់វ័យ ពិសេសមនុស្សចាស់ និងកុមារតែម្ដង។
នៅក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភត្រា បានជម្រាបជូនអំពីសកម្មភាពរបស់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តែងតែបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ដើម្បីផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់មនុស្សគ្រប់វ័យពិសេសមនុស្សចាស់និងកុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង ព្រមទាំងបានចុះសាកសួរសុខទុក្ខ គិតគូរពីសុខភាព និងជីវភាពរស់នៅរបស់ប្រជាជនទូទៅផងដែរ។
លោកជំទាវ បានកោតសរសើរចំពោះការថែទាំព្យាបាលអ្នកជំងឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយអ្វីដែលប្រជាជនទូទាំងប្រទេសមិនអាចបំភ្លេចបាននោះគឺមន្ទីរពេទ្យបានចូលរួម និងដើរតួនាទីសំខាន់លើការព្យាបាល ការចាក់វ៉ាក់សាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងបានទទួលអ្នកជំងឺកូវីដ១៩សម្រាក់ព្យាបាល ធ្វើសំណាក និងធ្វើតេស្តរហ័ស រហូតកម្ពុជាទទួលបានលទ្ធផលដ៏ជោគជ័យជាទីបំផុត។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភត្រា ប្រធានកិត្ដិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចទីតាំងព្យាបាលរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្នែកចក្ខុរោគ ដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទទួលព្យាបាលអ្នកជំងឺទូទៅជាប្រចាំថ្ងៃ។
សូមបញ្ជាក់ជូនផងដែរ តាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្នែកចក្ខុរោគតែងតែបានជួយពិនិត្យ ព្យាបាលជំងឺភ្នែកដល់ប្រជាពលរដ្ឋទូទៅជាប្រចាំ ហើយកន្លងទៅថ្មីៗនេះ ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក៏បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីបរទេស ក៏ដូចជាប្រទេសជាដៃគូ ដើម្បីផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋផងដែរ៕