ហ្វេសប៊ុក មួយ បង្ហោះថា ៖ប្រែក្លាយជញ្ជីង ថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយ ពេញបន្ទុក ខណៈប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បើកដៃឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធាន ស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រព្រឹត្តធ្វើអ្វីៗតាមអំពើចិត្ត…ក្រសួង បំភ្លឺដូចខាងក្រោម

ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គម FaceBookPage Chuoy Khmer (ជួយខ្មែរ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការបង្កើតព័ត៌មានមិនពិតមួលបង្កាច់ចោទប្រកាន់ថ្នាក់ដឹកនាំមន្ទីរ និងប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត២កន្លែងនៅផ្លូវជាតិលេខ៤ ស្ថានីយអូរចំណារ ស្រុកព្រៃនប់ និងស្ថានីយ ស្ទឹងច្រាល ស្រុកកំពង់សីលា ប្រែក្លាយជញ្ជាំងថ្លឹងរថយន្តទៅជាជញ្ជាំងថ្លឹងលុយពេញបន្ទុក ខណៈប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បើកដៃឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធាន ស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រព្រឹត្តធ្វើអ្វីៗតាមអំពើចិត្ត។

ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងអស់មន្ទីរ និងមន្ត្រីស្ថានីយអូរចំណារស្រុកព្រៃនប់ និងស្ថានីយស្ទឹងច្រាល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺជូនសាធារណជន ដូចតទៅ៖

ការបង្កើតព័ត៌មានបំពុលសង្គមថាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបើកដៃឲ្យ ប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រព្រឹត្តធ្វើអ្វីៗ តាមអំពើចិត្ត នេះគឺជាការចុះផ្សាយមួលបង្កាច់បំផ្លើសការពិតទាំងស្រុងព្រមទាំងប្រើប្រាស់រូបភាពចាស់ៗ ខុសពីការពិត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចំពោះការអនុវត្តន៍ការងារនៅក្នុងស្ថានីយទេ សូមបដិសេធគឺមិនមានករណីនេះ

ស្ថានីយទាំង២ មិនដែលបាន គប់គិប យកកម្រៃថវិកាណាមួយពីក្រុមហ៊ុនឬម្ចាស់រថយន្តដឹកទំនិញ ឬ ពុករលួយ ក្នុងការមិនចូលថ្លឹងទម្ងន់រថយន្តនោះឡើយ។

មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទៅតាមលិខិតបទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស។

ស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង២ មានស្តង់ដារច្បាស់លាស់ ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌល មាត្រាសាស្ត្រជាតិ មានតម្លាភាព និងសុវត្ថិភាពខ្ពស់។

ស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង២ សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ដែលបាន ចូលរួមសហការក្នុងការទប់ស្កាត់ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ខុសច្បាប់ និងអរគុណដល់ បណ្តាញសារព័ត៌មាន ដែលបានចូលរួមសហការ រួមចំណែករិះគន់ស្ថាបនាក្នុងន័យរឹតបន្ដឹងច្បាប់ ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថាមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង២ បានអនុវត្តការងារដោយគោរពតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។

ក្នុងន័យនេះ សូមសាធារណជន មេត្តាជ្រាបនិងជៀសវាងមានការកាន់ច្រឡំ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close