ប៉ូលិស ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី ព័ន្ធបទល្មើស សម្អាតប្រាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន ០២នាក់ ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN និង ឈ្មោះ សុក សុម៉ាលី ត្រូវបានកម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននៅវេលាម៉ោង ០១និង៣៥នាទី ចំណុចផ្សារទំនើបសូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។

តាមរយៈព័ត៌មាន ភស្តុតាង និងតម្រុយជាច្រើនដែលទទួលបានពីការស្រាវជ្រាវ អាចបញ្ជាក់បានថា ជនទាំងពីររូបនេះ ជាក្រុមឧក្រិដ្ឋជន​ដែលមានអង្គការចាត់តាំងនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់បានធ្វើសកម្មភាពផ្ទេរហិរញ្ញវត្ថុដោយ​លាក់បាំងប្រភព ដើម្បីបន្តផ្ទេរហិរញ្ញវត្ថុទាំងនោះទៅសហរដ្ឋអាមេរិក ដោយជ្រកក្រោមអាជីវកម្មប្តូរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ ប្រតិបត្តិការប្តូរប្រាក់របស់ពួកគេត្រូវបានបញ្ជូនពីក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទរូបិយប័ណ្ណឌីជីថល (USDT)។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងភស្តុតាងដែលអាចជឿជាក់បាន សមត្ថកិច្ចវាយតម្លៃបានថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយមានឈ្មោះ MA ZHONGWEI ត្រូវជាបងប្រុសរបស់ជនសង្ស័យ សុខ ហេង គឺជាអ្នករៀបចំ ហើយត្រូវបានអាជ្ញាធរនៅប្រទេសថៃ ចាប់ខ្លួន ពីបទសម្អាតប្រាក់ និងបានបញ្ជូនខ្លួនទៅប្រទេសចិន ដើម្បីអនុវត្តទោសកាលពីឆ្នាំ២០២៣ ហើយជនសង្ស័យ សុខ ហេង បានបន្តប្រតិបត្តិការសម្អាតប្រាក់​នេះ រហូតដល់ពេលចាប់ខ្លួន។

ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពសម្អាតប្រាក់ ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានបណ្តាញស្ថិតនៅប្រទេសមីយ៉ាន់ម៉ា​ ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន ដើម្បីទទួលបានផលពីបទល្មើសផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា ដោយពួកគេជាអ្នកសម្អាតប្រាក់ទាំងនោះ រួចផ្ទេរបន្តទៅបក្ខពួករបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ហុងកុង សហរដ្ឋអាមេរិក និងប្រទេសថៃវិញ​។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីស្រាវជ្រាវរកទ្រព្យដែលបានពីផលនៃបទល្មើសដើម្បីរឹបអូស៕

អត្ថបទដែលជាប់ទាក់ទង
Open

Close