អ្នកនាំពាក្យ ៖ ការតែងតាំង និងកែសម្រួលមន្ត្រីជញ្ជីង ដើម្បីប្រសិទ្ធភាព ការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារមន្ត្រី
ភ្នំពេញ៖ មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងនានាត្រូវបានតែងតាំង និងកែសម្រួលភារកិច្ច ក្នុងគោលបំណងពង្រឹងការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តបានធ្វើឡើងចំនួន ៦ទីតាំង
ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ឯកឧត្តមបានបញ្ជាក់ថា ការប្រកាសកែសម្រួលសមាសភាពនោះរួមមាន៖ ការប្រកាសសមាសភាពប្រធានស្ថានីយកំពង់ភ្នំ ខេត្តកណ្តាល, មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័តបាវិត,ស្ថានីយជញ្ជីងអចល័តអង្គស្នួល, ស្ថានីយជញ្ជីងអចល័តកណ្តោលដុំ, ស្ថានីយជញ្ជីងអចល័តពោធិ៍ថ្មី ,ស្ថានីយជញ្ជីងអចល័តរាជានុកូល និងស្ថានីយជញ្ជីងអចល័តអូរពោធិ៍ ក្នុងគោលបំណងពង្រឹងការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗលើការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព និងកិច្ចសហការរវាងអង្គភាពចម្រុះ ដែលបំពេញការងារក្នុងស្ថានីយជញ្ជីង ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្នុងនាមគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឯកឧត្តម សេង ឈួន បានប្រកាសដ៏ម៉ឺងម៉ាត់ដល់មន្រ្តីដែលតែងតាំង កែសម្រួលសមាសភាពថ្មី ឱ្យខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងសហការជាមួយមន្រ្តីមានសមត្ថកិច្ចអនុវត្តតាមបទបញ្ញាត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕