ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយរវាង ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច និងមានការចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ជាលទ្ធផល ភាគីទាំងបានយល់គ្នា ដោយ កីឡាករ ដាវ លីឌុច មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ ឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយ លោក ដាវ លីឌុច ឱ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ។