អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព
កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបក្មេងទំនើងឲ្យមានប្រសិទ្ធ ភាព។
ឯកឧត្តមបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៤ នេះ។ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅគោលការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. វិធានការបង្ក្រាបក្មេងទំនើងត្រូវធ្វើឡើងឱ្យបានច្បាស់លាស់និងទទួលខុសត្រូវខ្ពស់ ដោយកំណត់ទីតាំងពេលវេលាក្នុងការចាត់វិធានការ បង្ក្រាបព្រមទាំងពង្រីកវិសាលភាពនៃការទប់ស្កាត់និងបង្ក្រាបនេះឲ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
២. មន្ទីរអប់រំយុវជននិងកីឡាត្រូវតែសហការជាមួយលោកនាយកសាលា បើកកិច្ចប្រជុំនិងសហការរាយការណ៍ពីមុខសញ្ញាក្មេងទំនើងដល់មន្ត្រីនគរបាល ដើម្បីចាត់វិធានការទាន់ពេលវេលា។
៣. បញ្ហាគ្រឿងញៀនគឺជាចំណុចដល់រសើបដែលទាមទារកងកម្លាំងទាំងបីត្រូវសហការគ្នាបោសសម្អាតនិងមានប្រសិទ្ធភាព។ ហើយចំពោះមន្ត្រីប៉ុស្តិ៍ណាម្នាក់ដែលជោគជាំចំពោះរឿងនេះត្រូវតែមានវិធានការរដ្ឋបាលជាបន្ទាន់ ពីព្រោះយន្តការនេះយើងត្រូវតែពង្រឹង និងអនុវត្តផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
៤. ចំពោះបញ្ហាសណ្ដាប់ធ្នាប់ការលក់ដូរ សណ្ដាប់ធ្នាប់ការចតឡាន អាជ្ញាធរក្រុងត្រូវមើលឡើងវិញចៀសវាងបញ្ហាអាណាធិបតេយ្យកើតឡើងដែលធ្វើឲ្យមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។
៥. ចំពោះអត្តសញ្ញាណប័ណ្ណស្នងការស្នងការរងទទួលបន្ទុកត្រូវតែពិនិត្យមើលកិច្ចការនេះឡើងវិញ ព្រមទាំងពង្រឹងកំណត់បញ្ជីឈ្មោះដែលនៅសេសសល់ឡើងវិញ ទាំងឈ្មោះចាស់និងឈ្មោះថ្មី ព្រមទាំងបង្កើត Group តេឡេក្រាមដើម្បីងាយស្រួលក្នុងការតាមដានជៀសវាងបងប្អូនប្រជាពលរដ្ឋថាមិនបានទៅបោះឆ្នោតដោយសារមិនមានឯកសារគ្រប់។
៦. ពាក់ព័ន្ធនិងការគ្រប់គ្រងធនធានធម្មជាតិ មកទល់ពេលនេះមិនមានការទន្ទ្រានថ្មីទៀតទេប៉ុន្តែក្រុងស្រុកទាំងអស់ត្រូវតែផ្សព្វផ្សាយនិងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ យើងមិនមានការកាត់ជ្វាលទៀតទេ ដោយសារឥឡូវនេះយើងមានលិខិតចេញពីក្រសួងច្បាស់លាស់។ ក្នុងករណីមានការទន្ទ្រានអាជ្ញាធរក្រុងស្រុកសាមីត្រូវតែបង្ក្រាបនិងរាយការណ៍ពីវិធានការបង្ក្រាប ទៅក្រសួងឲ្យបានច្បាស់លាស់។
៧. ចំពោះការបើករដូវនេសាទនិងបិទរដូវនេសាទ មន្ទីរជំនាញត្រូវធ្វើតាមនីតិវិធីកំណត់ច្បាស់លាស់ ដោយស្របទៅតាមឋគោលការណ៏ដែលក្រសួងបានដាក់ចេញ។ ក្នុងករណីមានបទល្មើសកើតឡើងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់វិធាន ការបង្ក្រាបឲ្យបានទាន់ពេលវេលា។
នៅចុះបញ្ចប់ឯកឧត្តម ជំរុញឲ្យក្រុមការងារចុះបញ្ជីដីធ្លីតំបន់២ ត្រូវតែផ្សព្វផ្សាយនិងជំរុញដល់បងប្អូនប្រជាពលរដ្ឋឱ្យមកចុះបញ្ជីនិងធ្វើឲ្យបានចប់សព្វគ្រប់មុនរដូវវស្សាចូលមកដល់។ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាការដាក់ចេញនៅគោលការណ៍សំខាន់ទាំងអស់នេះ ជំរុញឲ្យការអនុវត្តផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។អត្ថបទសោមពិសី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ធំ