ព័ត៌មាន ផ្សាយថា ទីតាំងល្បែង បាញ់ អាប៉ោងដ៍ធំ ក្នុងស្រុកបាទី អាជ្ញាធរ មិនទាន់បង្ក្រាប សមត្ថកិច្ច ចុះពិនិត្យ ថាមិនមានទេ!
ខេត្តតាកែវ៖ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អំពីការចុះផ្សាយរបស់សារព័ត៌មានអនឡាញ មាស សូរ៉ាញ៉ូសិ៍ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានចំណងជើងថា ទីតាំងល្បែងបាញ់អាប៉ោងដ៍ធំ ដែលស្ថិតនៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី អាជ្ញាធរមិនទាន់បង្ក្រាប ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ចុះស្រាវជ្រាវបង្ក្រាបនូវទីតាំងដែលបានផ្សព្វផ្សាយ។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប បានចុះទៅពិនិត្យដល់ទីតាំងដែលគេហទំព័រឈ្មោះ មាស សូរ៉ាញ៉ូសិ៍ បានចុះផ្សាយថា មានទីតាំងលួចលាក់លេងល្បែងស៊ីសង (អាប៉ោង) ស្ថិតនៅក្នុងភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គឺពិនិត្យឃើញថា ពុំមានទីតាំងលួចលាក់លេងល្បែងស៊ីសង (អាប៉ោង) នោះទេ ហើយទីតាំងនេះ ស្ថិតនៅក្នុងព្រៃឬស្សីខាងជើងភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលសមត្ថកិច្ច (កងរាជអាវុធហត្ថ) ធ្លាប់បានចុះបង្ក្រាបរួចមកកាលពីដើមឆ្នាំ២០២៤ កន្លងមក ព្រមទាំងឃាត់ខ្លួនអ្នកលេងមួយចំនួន រួមទាំងវត្ថុតាងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តតាកែវ ផងដែរ ។
យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើបានឲ្យដឹងថា ទីតាំងលួចលាក់លេងល្បែងស៊ីសង (អាប៉ោង) តាំងពីមានការបង្ក្រាបនោះមក បច្ចុប្បន្នពុំមានការប្រមូលផ្ដុំគ្នាលួចលេងល្បែងស៊ីសងទៀតនោះទេ ។
ទន្ទឹមនឹងនេះ លោកស្នងការ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ត្រូវតែពង្រឹងបន្ថែមលើការងារបង្ក្រាប និងត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ នសុវត្ថិភាព ក្នុងភូមិសាស្រ្ដស្រុកគ្រប់គ្រង ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលារាល់បទល្មើសផ្សេងៗ ដែលកើតឡើងជា យថាហេតុ ។