ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៃរដ្ឋបាលខណ្ឌច្បារអំពៅ ទាំងអស់ពិតជា មានក្តីរន្ធត់ឥតឧបមា និងសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៥៣នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តី ស្រណោះអាឡោះអាល័យ សង្វេគជាទីបំផុតរួមជាមួយក្រុមគ្រួសារ លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ដែលបានបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួតជាទីគោរពស្រឡាញ់ ដែលប្រកបទៅដោយ ព្រហ្មវិហារធម៌ និងជាចៅសង្កាត់ ដ៏ឆ្នើមមួយរូបក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស បានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូន ថ្នាក់ដឹកនាំ និងការផ្តល់ សេវាសាធារណៈប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជាធានីភ្នំពេញ ។
ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលខណ្ឌច្បារអំពៅ សូមឧទ្ទិសនូវមហាកុសលទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធ សព លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែក ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមគ្រួសារនៃសព ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ ។