កំពង់ធំ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី គង់ ជៀន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ ដឹកនាំដោយ លោកវីរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្ក្រាប ករណីឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ជនជាតិចិនចំនួន២នាក់ (ស្រីចំនួន១នាក់) ឆ្លងដែនដោយខុសច្បាប់ និង ជនជាតិខ្មែរចំនួន១នាក់ជាអ្នករត់តាកស៊ី កម្លាំងបានចាប់យកវត្ថុតាងរួមមានរថយន្តចំនួន០១គ្រឿងម៉ាក toyota ហៃលិនដឺពណ៌ក្រហម ក្រម៉ៅពាក់ស្លាកលេខភ្នំពេញ២AQ ៧៩៩០ស៊េរីឆ្នាំ២០២៣ និង ទូរសព្ទដៃចំនួន ០៣គ្រឿង ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។