Update ឃាត់ខ្លួនបានម្នាក់ទៀតហើយ ករណី ក្មេងទំនើងជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម
ខេត្តតាកែវ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការ សម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៨៖៥០ នាទី លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ជា ថាវិន ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងចំណោម ០៧ នាក់ (២ក្រុម) ពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
សមត្ថកិច្ច ក៏បន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់បន្ថែមទៀត ៖
១-ឈ្មោះ អឿន ប៊ីប៊ី ភេទប្រុស អាយុ ១៧ ឆ្នាំ ររស់នៅភូមិព្រៃឈេីទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
២-ឈ្មោះ គុណ សាហ៊ុយ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
លុះដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ទៀតឈ្មោះ ណន ឌីណា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអនុវត្តតាមដីកាអោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ។
ចំណែកបក្សពួកផ្សេង សមត្ថកិច្ច បានក្តាប់មុខសញ្ញាបានអស់ហើយ និងកំពុងធ្វើសាវតាជាតិកសាងសំណុំរឿងតាមនីតិវិធី។