បង្ហោះហ្វេសប៊ុកថា មេប៉ុស្តិ៍ឃុំពាមរាំង អសមត្ថភាព ក្នុងការបង្ក្រាបទីតាំងជល់មាន់តាមអនឡាញ នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ពេលនេះ ប៉ូលិស ហៅផ្តិតមេដៃ ហើយ…!
ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មានឈ្មោះ meas sora news បានបង្ហោះខ្លឹមសារថា៖ មេប៉ុស្តិ៍ឃុំពាមរាំងអសមត្ថភាពក្នុងការបង្ក្រាបទីតាំងជល់មាន់តាមអនឡាញ នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវបង្រ្កាបករណីខាងលើ។
ជាលទ្ធផល៖
នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោកអធិការបានបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង បានចុះស្រាវជ្រាវដល់ទីតាំងខាងលើ ពិនិត្យជាក់ស្តែងមិនឃើញមានការបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញនោះទេ។
ជាចំណាត់ការ៖
១-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង បានអប់រំណែនាំ និងធ្វើកិច្ចសន្យាបន្ថែមចំពោះម្ចាស់ទីតាំងខាងលើ ហាមដាច់ខាតមិនឱ្យមានការបើកល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។
២-ករណីសមត្ថកិច្ចស្រាវជ្រាវដឹងថា ទីតាំងនេះមានលួចបើកលេងល្បែងជល់មាន់តាមអនឡាញនោះនឹងធ្វើការបង្ក្រាបហើយកសាងឯកសារតាមនីតិវិធីបញ្ជូនទៅតុលាការ។
អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមជ្រាប!