ភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ។
ឯកឧត្តម ទៀ សីហា បានសំដែងការអបអរសាទរចំពោះ ឯកឧត្តម ទុង ជុន ( Dong Jun) ដែលត្រូវបាន រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ។ ឯកឧត្តម បានបញ្ជាក់ទៀតថាៈទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំងពីរ ក្រោមការដឹកនាំ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា- ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ ក្នុងនាមជាអ្នកបន្តវេន ឯកឧត្តម ទៀ សីហា បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានអញ្ជើញឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាកងទ័ពនៃប្រទេសទាំងពីរ ។ ឯកឧត្តម ចាត់ទុក ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំបន្តវេន នៃកងទ័ពយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ។
ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានអញ្ជើញ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ សៀងសាន នៅប្រទេសចិននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ ។
ប្រភព៖ ក្រសួងការពារជាតិ