ភ្នំពេញ៖ ថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជនតាមរយៈការទិញផលិតផលតាមអនឡាញ និងបានផ្ទេរប្រាក់ទៅគណនីធនាគារ ប៉ុន្តែ មិនបានទទួលផលិតផល ឬសម្ភារដែលបានបញ្ជាទិញនោះទេ។
ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងបានកោះហៅម្ចាស់គណនីធនាគារ ឬកុងធនាគារទាំងនោះ ហើយបានរកឃើញថា ម្ចាស់គណនីដើមបានជួលគណនីរបស់ខ្លួនទៅឱ្យជនល្មើស ឬជនឆបោកប្រាក់តាមបណ្តាញសង្គម ដើម្បីទទួលប្រាក់កម្រៃជើងសារ។ ក្រោយពីក្រុមជនល្មើសបានប្រើវិធីសាស្រ្តលួងលោមសុំទិញ និងជួលគណនីធនាគារពីម្ចាស់ដើម ពួកគេបានធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងលេខសម្ងាត់ ដើម្បីយកទៅគ្រប់គ្រង និងធ្វើការឆបោកប្រាក់តាមបណ្តាញសង្គមនានាជាច្រើនករណី។
ដូចនេះ ការផ្តល់គណនីធនាគារ (ឬហៅថា កុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាជាមួយក្រុមឧក្រិដ្ឋជន។ ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ចំពោះអ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើសគឺត្រូវចាត់ទុកថាជា “សហចារី” ដែលនឹងមានទោសទណ្ឌដូចជា “ចារី”ដែរ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដូចខាងក្រោម៖
១. កុំលក់ ឬជួលគណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់
២. កុំទទួលប្រាក់តាមគណនីធនាគារដែលពុំមានប្រភពច្បាស់លាស់ជំនួសមិត្តភក្តិ ឬអ្នកដទៃ
៣. កុំទំនាក់ទំនងជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ប្រយោជន៍ ក្រោមរូបភាពខ្ចីប្រើប្រាស់កុងធនាគារ។