ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាអោយលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិ៍ និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាក យូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយរងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀន វ៉ិនធៀន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួនអ្នកកាន់កាំបិតផ្ទាល់) ឃាត់ខ្លួនបាននៅវេលាម៉ោង ១៦:៣០ នាទី ថ្ងៃសុក្រ៩រោច ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤ នៅក្នុងតារាងបាល់ទាត់វិទ្យាល័យគិរីវង់ ស្ថិតនៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ និងបក្សពួក០៣នាក់ទៀតរត់គេចខ្លួនរួមមាន ៖
១. ឈ្មោះ ញ៉ ដេវីត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិត្រពាំងពិដោរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (គេចខ្លួន) អ្នកវាយផ្ទាល់លើជនរងគ្រោះ ។
២.ឈ្មោះ ស៊ុន សិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិដំណាក់ថ្ងាន់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (គេចខ្លួន)។
៣.ឈ្មោះ រិទ្ធ វ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (គេចខ្លួន)។ បានធ្វើសកម្មភាពហឹង្សាដោយចេតនា (ដេញកាប់ដោយកាំបិត) ទៅលើជនរងគ្រោះឈ្មោះ ពេជ មេងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។ បណ្តាលឲ្យរងរបួសស្នាមជាំខៀវត្រង់ភ្នែកខាងឆ្វេង និងហើមក្រោមភ្នែកខាងឆ្វេង ។
មូលហេតុ៖ ទំនាស់ពាក្យសំដីគ្នាពីមុនមក ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ សៀន វ៉ិនធៀន និងស្វែងរកបក្សពួកខាងលើយកមកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ៕