សិស្សស្រីៗ វាយតប់គ្នា ថតបង្ហោះហ្វេសប៊ុក…ព្រឹកម៉ិញ ប៉ូលិស បានជូន​ទៅមើល ពន្ធនាគារ ខេត្តតាកែវ រួចហើយ…!

ខេត្តតាកែវ៖ យោងតាម​គណនេយ្យហ្វេសប៊ុកឈ្មោះ Prom Sophai ដែលបាន​បង្ហោះតាមរយៈ Facebook​ ដោយ​មានខ្លឹមសារថា​ «ជើងកាងប្រចាំសាលាថ្នាក់ទី៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការផងដែរ»។

ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់​ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពី​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញ​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងបី សហការជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ុង ញុីវ នាយការិយាល័យ​ ចុះដល់​វិទ្យាល័យជាស៊ីមតាកែវ ដើម្បី​ជួប​និងសហការជាមួយលោកនាយក​ នាយក​រង និងលោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតរកសិស្សស្រីៗ ដែលបានធ្វើសកម្មភាព វាយតប់គ្នា​នៅ​ក្នុងថ្នាក់រៀនដែលត្រូវបានថត​ជា​វីដេអូ ​រួច​បង្ហោះ លើបណ្ដាញសង្គម និង​មានការចែករំលែកជាបន្តបន្ទាប់ធ្វើឲ្យបាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈក្នុងសាលារៀន​រួមទាំង​សង្គមជាតិ យកមកកាន់អធិការដ្ឋាន ដើម្បី​សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ដោយ​មានការសម្របសម្រួល​នីតិវិធី​ពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ។​

ក្រោយពី​មានការ​អប់រំ​ណែនាំ​ពី​សមត្ថកិច្ច​ និង​បាន​ទទួលស្គាល់នូវកំហុសរបស់​ខ្លួន​ដែលបានធ្វើសកម្មភាព​វាយតប់គ្នា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យាអប់រំណែនាំ ជូន​ទៅមើលពន្ធនាគារខេត្តតាកែវ និង​ធ្វើកិច្ចសន្យាត្រូវបញ្ឈប់​ធ្វើ​រាល់​សកម្មភាព​ល្មេីស​ច្បាប់​ ឬអសីលធម៌​ផ្សេងៗ​ ដែល​សង្គម​ស្អប់ខ្ពើម​ ព្រមទាំង​ឲ្យអាណាព្យាបាល​រៀងៗ​ខ្លួន​ធានា​ដេីម្បី​ឲ្យ​ប្អូន​ៗ​បាន​វិលត្រឡប់ទៅផ្ទះបន្តការ​សិក្សា​ជា​ធម្មតា​វិញ​ និង​កែប្រែ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ល្អ​ កូន​ល្អ​ ពលរដ្ឋ​ល្អ​ នៅ​ក្នុងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close