ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យយុវជនប្រុសស្រីរងរបួសធ្ងន់និងស្រាល ជនបង្កត្រូវបាននគរបាលស្រុកកំពង់ត្របែកឃាត់ខ្លួនបាន
ខេត្តព្រៃវែង÷ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ០៧ និង ៣០នាទី ក្រោយពីរទទួលបានដំណឹងពីប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ដែលធ្វើដំណើរស្របទិសគ្នា លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិរកាធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ហើយបានពិនិត្យកន្លែងកើតហេតុ ធ្វើការវាស់វែង និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ។ ករណីនេះបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកហ៉ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8798 បើកបរដោយឈ្មោះ មិន រតនា ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិ ស្វាយព្រៃ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប៉ះជាមួយនឹងម៉ូតូ០១គ្រឿង ម៉ាក់ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-5026 បើកបរដោយឈ្មោះ ឡី ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ ដង្កៀបក្ដាម ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាសិស្ស ( រងរបួសស្រាល) អ្នករួមដំណើរឈ្មោះ ផាន់ បទុម ភេទស្រី អាយុ ១៧ ឆ្នាំ ជាសិស្ស (ពាក់មួកសុវត្ថិភាព)មានទីលំនៅភូមិតាកែវ ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (រងរបួសធ្ងន់)
សូមបញ្ជាក់ថា ចំពោះជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីព្យាបាល ចំណែកឯជនបង្ក អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនហៅមកសាកសួរនាំ
ចំពោះវត្ថុតាង មានរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងនឹងធ្វើនីតិវិធីបន្ត ៕