កងកម្លាំងពិសេសជាមន្រ្តីបង្គោលទទួលបានចំណេះដឹងបន្ថែមពីពីគ្រឿងញៀន បារីអេឡិចត្រូនិក និងការប្រើប្រាស់ App Nodrug
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មមានរៀបចំពិធីផ្សព្វផ្សាយចំណេះដឹងពីគ្រឿងញៀន បារីអេឡិចត្រូនិក និងការប្រើប្រាស់ App Nodrug ដល់កងកម្លាំងចំនួនជិត៤០០នាក់ ។
ឧត្តមសេនីយ៍ត្រី យូ សុវណ្ណ មេបញ្ជាការរងទទួលបន្ទុកអប់រំចិត្តសាស្រ្តនយោបាយ បានមានមតិស្វាគមន៍និងរាយការណ៍ពីសកម្មភាពរបស់អង្គភាពដែលបានចូលរួមចំណែកការងារការពារជាតិ និងការងារសង្គមនានា ។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានដែលបានរៀបចំពិធីផ្សព្វផ្សាយនេះឡើង ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីបង្គោលក្នុងការផ្សព្វផ្សាយបន្តបង្ការ ទប់ស្កាត់មិត្តភក្ដិរួមអាជិព ក្រុមគ្រួសារ កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននាំទុក្ខដល់ខ្លួន ក្រុមគ្រួសារ សង្គមជាតិ។ ជាមួយនេះ លោកបានលើកពីសារសំខាន់និងការទាញយកApp Nodrug៖ https://nodrugsnacd.com/download_kh មកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹង កំសាន្តអប់រំ ព័ត៌មាន និងសេវាព្យាបាលអ្នកញៀន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សំ ភ័ស្ស មេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា យោធិនទាំងអស់គឺជាធនធានមនុស្សដ៏មានសក្តានុពលក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ក៏ដូចជាថែរក្សា សន្តិភាព ស្ថិរភាព និងបុរណភាពទឹកដី ដើម្បីធានានូវការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ។ ដូចនេះ ពួកគេត្រូវតែមានសុខភាពល្អទាំងផ្លូវកាយ និងស្មារតី ក៏ដូចជាភាពថ្លៃថ្នូ ដែលត្រូវតែដាច់ខាតកុំពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាមួយនេះ ឧត្តមសេនីយ៍ទោ សំ ភ័ស្ស បានថ្លែងបន្តគាំទ្រ និងអនុវត្តយ៉ាងពេញទំហឹងចំពោះបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយចាប់ផ្តើមពីអអង្គភាពលោកផ្ទាល់សំដៅលើកកម្ពស់មុខមាត់ កិត្តិយស ភាពស្អាតស្អំ សេចក្តី ថ្លៃថ្នូរ ក៏ដូចជាដើរតួជាគំរូល្អឈានមុខក្នុងការបម្រើប្រជាពលរដ្ឋ និង ការពារជាតិមាតុភូមិ ។ លោកបន្ថែមការលុបបំបាត់បញ្ហាគ្រឿងញៀនលើយោធិនក្រោមឱវាទគឺធ្វើការត្រួតពិនិត្យតាមដានយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តវិវិធានការពិន័យបណ្តេញចេញពីអង្គភាព និងបទប្បញ្ញត្តិនានាដែលមានជាធរមានដោយគ្មានការលើកលែងឡើយ។