សម្តេចធិបតី និង លោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការព្យាបាលបុរសកំសត់ម្នាក់ដែលមានជំងឺប្រកាច់ដួលលើភ្នក់ភ្លើង បណ្តាយឱ្យក្លាយជាដំបៅរ៉ាំរ៉ៃនៅជើង ពិបាកព្យាបាល
ខេត្តកំពង់ធំ ៖ បងប្រុស ធួន សុខា អាយុ ៤៥ ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលគ្រោះថ្នាក់ធ្លាក់ចូលក្នុងភ្នក់ភ្លើង នៅពេលដែលជំងឺប្រកាច់របស់គាត់រើឡើយ ដោយបន្សល់ជាដំបៅរលួយនៅជើងព្យាបាលមិនទាន់ជា ទាំងសងខាង ធ្វើឱ្យឈឺចាប់ជាខ្លាំង និងមិនអាចឈរយូរបានឡើយ ប្រមាណ២ឆ្នាំមកហើយ។
ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់តាមរថយន្តសង្រ្គោះ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។ ឆ្លងកាត់ ការ វះកាត់ប៉ះស្បែកដែលរលួយ និងសម្អាតដំបៅជាច្រើនដំណាក់កាលមក ដំបៅចាប់ផ្តើមផ្សះឡើង ថមថយការឈឺចាប់ ហើយថែមទាំងអាចក្រោកដើរបានទៀត ។ គាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ និងតាមដានបន្តទៀត ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
តាមរយៈបេសកម្មពិនិត្យជំងឺ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើល ស្ថិតនៅក្នុងភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។