ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីតម្លៃរបស់កុមារនិងអំពីបញ្ហាប្រឈមនានារបស់កុមារ, នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារ បន្ទាប់ពីក្រសួង បានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ ។ តាមរយៈជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារ ឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថា ឯកឧត្តម លោកជំទាវ និងសប្បុរសជននានា នឹងបន្តជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។ សូមក្មួយៗ កុមារា កុមារី ទាំងអស់ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តម សូមអរគុណដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ ងាយចេះ ងាយចាំ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន អគ្គនាយកដ្ឋានជំនាញទាំង៥ ក្រុមតន្ត្រី និងអ្នកចម្រៀងក្រសួងព័ត៌មាន ដែលបានរួមគ្នាខិតខំសម្រប សម្រួលរៀបចំបានយ៉ាងល្អប្រសើរ និងសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ «មហោស្រពតន្ត្រី និង ចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន» នាពេលនេះ។ ជាពិសេសសូមថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រថវិកាសម្រាប់ដំណើរការកម្មវិធី រួមទាំងការគាំទ្រជាថវិកាពីសប្បុរជន និងបណ្តាក្រុមហ៊ុន ធនាគារ នានារួមមាន, ធនាគាកាណាឌីយ៉ា, ក្រុមហ៊ុន រ៉ូយ៉ាល់ Group ,ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី , Krud energy , V-active ,ក្រុមហ៊ុន chipmong Group ,ក្រុមហ៊ុន Metfone ,វិទ្យុ NRG វិទ្យុកំសាន្ត វិទ្យុចំនេះដឹង វិទ្យុតន្ត្រី, ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ (PPCTV) នឹងទូរទស្សន៍កម្ពុជាបុស្ត៍លេខ៨HD ។
តាមរយៈរបាយការណ៍សង្ខេបលើកឡើងដោយ លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកជា ប្រធានគណៈកម្មការបូកពិន្ទុក បានអោយដឹងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ បានចាប់កំណើតតាំងពីឆ្នាំ១៩៨៥ រហូតមកឆ្នាំ២០១២ ក្រោមការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលនៅបន្តគាំទ្ររហូតដល់ឆ្នាំ២០១៩ ប៉ុន្តែត្រូវផ្អាកអស់រយៈពេលជិត ៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឆ្នាំ២០២៤នេះ មហោស្រពតន្ត្រី និងចម្រៀងកុមារ ត្រូវបានប្រារព្ធឡើងវិញក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ កុមារា កុមារី ដែលបានចូលរួមប្រលងមានចំនួន៣៤ក្រុម ទំនុកច្រៀងចំនួន៦៨ អត្ថបទ ដែលមានអត្ថរូប អត្ថន័យ អត្ថរស់ល្អៗ និងជាសារផ្តល់នូវការអប់រំ ចំណេះដឹង យ៉ាងទូលំទូលាយ គ្របដណ្តប់ទៅលើសីលធម៌ អត្តចរឹតរបស់កុមារ។ ឆ្លងកាត់ការប្រឡង ជម្រុះ បង្ហាញសមត្ថភាពអស់ជាច្រើនសប្តាហ៍មកនេះ បានឈនចូលមកដល់វគ្គប្រឡងផ្តាច់ព្រាត់ចំនួន ១០ ក្រុម, ជាលទ្ធផលផ្តល់ពិន្ទុកដោយគណៈកម្មការសម្រាប់ មហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន លេខ ១ បានទៅលើ សាលាបឋមសិក្សា ព្រះនរោត្តម , លេខ ២ បានទៅលើ សាលាបឋមសិក្សាវត្តបូព៍ ខេត្តសៀមរាប , លេខ ៣ បានទៅលើសាលា មីគីវ៉េ ក្រុម១ , លេខ ៤ បានទៅលើសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង និងលេខ ៥ បានទៅលើសាលា បឋមសិក្សា វត្តមង្គលសិរីគៀនឃ្លាំង ។ _ ជ័យលាភី លេខ ១ ទទួលបានពាន ១ ប្រកាសនីយបត្រ១ និងថវិកា ចំនួន ១០លានរៀល, _ ជ័យលាភីលេខ២ ទទួលបានពាន ១ ប្រកាសនីយបត្រ ១ និងថវិកា ចំនួន ៦លានរៀល, _ ជ័យលាភីលេខ៣ ទទួលបានពាន១ ប្រកាសនីយបត្រ ១ និងថវិកា ចំនួន ៤លានរៀល, _ ជ័យលាភីកិត្តិយស លេខ៤ និងលេខ៥ ទទួលបានពានកិត្តិយស ចំនួន១, ប្រកាសនីយបត្រ ចំនួន១ និង ថវិកា ចំនួន ២លានរៀល ៕