ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន១១នាក់ រួមទាំងគ្រឿងញៀនជាងកន្លះគីឡូក្រាម និងវត្ថុតាងជាច្រើនក្នុងករណីបង្ក្រាបនៅក្រុងច្បារមន

(កំពង់ស្ពឺ)៖ ដោយអនុវត្តបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក នាង ខ្វាយ មេបញ្ជាការរងទទួលជំនាញបានដឹកនាំ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។កម្លាំងបានឆ្មក់ចូលក្នុងផ្ទះដែលជាជម្រកផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន កែឆ្នៃ និងទទួលផលចោរកម្មដ៏ធំចំនួន២ទីតាំង ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងចុះបង្រ្កាប ទីតាំងផ្តល់ឱ្យប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងនោះមានទីតាំងកែឆ្នៃម៉ូតូ និងទទួលផលចោរកម្ម មានចំនួន ០២ទីតាំង។

លោកវរសេនីយ៍ឯក មេបញ្ជាការរង បានឲ្យដឹងបន្តថា ក្រោយកម្លាំងបានឡោមព័ទ្ធផ្ទះទីតាំងខាងលើ កំណត់បានមុខសញ្ញាយ៉ាងច្បាស់ កម្លាំងធ្វើការចូលឆែកឆេរ ជាលទ្ធផលទទួលបានគឺៈ
ទីតាំងទី១-ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្រី០២នាក់) រកឃើញម្សៅពណ៌សជាសារធាតុញៀនK មួយកញ្ចប់ធំ ទម្ងន់៥៦៣,៧៤ក្រាម និងរកឃើញម៉ូតូចំនួន០៤គ្រឿង ក្នុងនោះមានម៉ូតូ៣គ្រឿងគ្មានស្លាកលេខ និង០១គ្រឿងមានស្លាកលេខដែលបានដោះរួច រួមជាមួយសម្ភារៈជាបំណែកម៉ូតូជាច្រើនទៀត ដែលបានដោះបំបែកបំបាត់ដាន និងបំភ័ណ្ឌភ្នែក ។
ជនសង្ស័យរួមមានឈ្មោ៖
១-សួង មករា ហៅ(យក) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់សុព៌រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
២-ចេត វុត្ថា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិប៉ែលហែល សង្កាត់សុព៌រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ រៀនជាងម៉ូតូ ។
៣-ឆាន់ សម្ភ័ស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៤-នី វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការដូង ឃុំវល្លិសរ សង្កាត់រការធំ ខេត្តកំពង់ស្ពឺ ។
៥-ខែក ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ ភូមិសំណង់ សង្កាត់រការធំ ខេត្តកំពង់ស្ពឺ មុខរបរនៅផ្ទះ ។
៦-វ៉ន ចិន្តា ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក មេបញ្ជាការរង បានឲ្យបន្តទៀតថា នៅថ្ងៃខែឆ្នាំ ដដែលកម្លាំងបានបន្តឆ្មក់ចូលឆែកទីតាំងមួយកន្លែងទៀតតាមចម្លើយសារភាពរបស់ជនសង្ស័យ ។
ធ្វើឡើងនៅទីតាំងទី២ ស្ថិតនៅភូមិប៉ែលហែល សង្កាត់សុព៌រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងនោះកម្លាំងជំនាញបន្តរឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់. បានឆែកឆេររកឃើញម្សៅពណ៌ស ជាសារធាតុញៀនម៉ាទឹកកក ២កញ្ចប់មធ្យម និង៨កញ្ចប់តូច ទម្ងន់៤៥,៥៦ក្រាម និងរកឃើញម៉ូតូចំនួន១ គ្រឿងគ្មានស្លាកលេខ រួមជាមួយសម្ភារៈជាបំណែកម៉ូតូជាច្រើនទៀត រួមជាមួយឧបករណ៍កាច់សោរកម៉ូតូ ប្រដាប់ផ្សារផ្តាច់ និងសម្ភារៈជាច្រើនទៀត ។ ជនសង្ស័យរួមមានឈ្មោះ÷
១-ហ៊ុន ដេវីត ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ែលហែល សង្កាត់សុព៌រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
២-មាស មនោ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិ ឃុំជាមួយគ្នា ។
៣-មាស ភារះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិ ឃុំជាមួយគ្នា ។
៤-ម៉ម រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ពុះអុស រស់នៅភូមិព្រៃទួល ឃុំវល្លិសរ ខេត្តកំពង់ស្ពឺ ។
៥-អៃ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ ឃុំវល្លិសរ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក មេបញ្ជាការរង ដឹកនាំកម្លាំងបានបញ្ជាក់ថា ចំពោះទីតាំងទី២ខាងលើ លោកព្រះរាជអាជ្ញារង និងកម្លាំងជំនាញបានសម្រេចបិតជាបណ្តោះអាសន្ន ឃាត់ជនសង្ស័យសរុបទាំង១១នាក់ និងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋាន កងររាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងដែថា នេះជាការបង្ក្រាបទីតាំងដែលប្រមូលផ្តុំការប្រើប្រាស់ និងជួញដូរលួចលាក់យ៉ាងសកម្ម ក្នុងនោះមានទាំងបង្កប់នៅកន្លែងទទួលផលចោរកម្មផង ។ សកម្មភាពបែបនេះនិងនៅតែបន្តដូចភ្លៀងរលឹម ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (ប្រទេសជាតិត្រូវការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប) ។

សូមបញ្ជាក់ជនសង្ស័យទាំង១១នាក់ កំពុងសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបើកការស្រាវជ្រាវបន្ថែមទៀត បន្តបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close