អបអរសាទរ! ខេត្តព្រះសីហនុ ចូលជាសមាជិកពេញសិទ្ធ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF)

ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តដឹកនាំ គណៈប្រតិភូខេត្តចំនួន០៣រូប ចូលរួមមហាសន្និបាតលើកទី៤៤ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(Association Internationale des Maires Francophones, AIMF) នៅទីក្រុងឡូហ្សាន ប្រទេសស្វីស។​​

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ ខេត្តព្រះសីហនុទទួលបានការឯកភាពជាឯកច្ឆន្ទក្នុងការចូលរួមជាសមាជិកពេញសិទ្ធបន្ទាប់ពីកិច្ចសម្របសម្រួលអស់រយៈពេលជាង២ឆ្នាំកន្លងមក។

ជាមួយគ្នានេះ លោកអភិបាលរង បានគូសបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញសកលនិងថ្នាក់តំបន់នៃសមាគមអន្តរជាតិនេះ នឹងនាំយកផលចំណេញជាច្រើនដល់ខេត្តព្រះសីហនុ តាមរយៈការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការការទូតថ្នាក់មូលដ្ឋាន សេដ្ឋកិច្ច សង្គម ការចែករំលែកបទពិសោធន៍សម្រាប់បញ្ហាប្រឈមនានាថ្នាក់មូលដ្ឋាន វិនិយោគ ទេសចរណ៍-ល-។

បន្ថែមពីនេះ ការចូលជាសមាជិក AIMF នេះ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា​និងខេត្តព្រះសីហនុ និយាយជារួមនិងដាច់ដោយឡែក ដូចជា៖ ការទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹង ការរៀបចំទីក្រុង ការគ្រប់គ្រងបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការទទួលបានជំនួយនានាជាដើម។

គួររម្លឹកផងដែរថា ប្រទេសកម្ពុជាមានរាជធានី-ខេត្តចំនួន០៤ បានចូលជាសមាជិកនៃAIMFរួចមកហើយគឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពត ដែលខេត្តទាំងនេះបានបង្កើតនិងរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយសមាជិកបណ្តាញខេត្ត-ក្រុងក្នុងតំបន់ និងសកលលោក ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ដែលជាផ្នែកមួយធានាដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

អត្ថបទដែលជាប់ទាក់ទង
Open

Close