ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្ន ចំពោះការបបួលវិនិយោគរយៈពេលខ្លី ដែលផ្តល់នូវផលចំណេញច្រើន
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោក ការបបួលដាក់ទុនវិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេលខ្លីដែលត្រូវបានសន្យាដោយជនឆបោកមួយចំនួនបង្កើតក្រុមតេលេក្រាមកៀរគរឱ្យដាក់ទុនវិនិយោគរួមជាមួយខ្លួន។
តាមរយៈបណ្តញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបានបញ្ជាក់ថា «ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឲ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឱ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមានឈ្មោះខុសៗគ្នាទាំងអស់។ បានន័យថា លុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង»។
គួរជម្រាបថា តាមពុទ្ធិមូលបត្រនៃនិយ័តករមូលបត្រកម្ពុជា លេខ៨៨ ដែលចេញផ្សាយឆ្នាំ២០២៣ បានបញ្ជាក់ថា មានគម្រោងវិនិយោគមិនស្របច្បាប់ជាច្រើនករណីកើតឡើង ដែលបានផ្ដល់ផលអាក្រក់ដល់កម្ពុជា ដែលមានដូចជា៖
១. ករណីជួញដូររូបិយបណ្ណអន្តរជាតិ (Forex) ក្នុងឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានដំណើរការដោយក្រុមបុគ្គលតូចមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។ ប្រតិបត្តិការនេះមិនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ ហើយក្រុមហ៊ុននោះទទួលបន្ទុកទាំងការវិនិយោគ និងចេញមូលប្បទានប័ត្រទៅឱ្យវិនិយោគិន។ ក្រុមហ៊ុនដែលមិនស្ថិតក្រោមនិយ័តកម្ម ដែលមិនត្រូវបានត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ ឬភាគីទីបី អាចផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងការបំផ្លើសខ្ពស់។
២. ករណីក្រុមហ៊ុន Empire Big Capital Limited និងសមាគមទីប្រឹក្សាវិនិយោគ នៅក្នុងឆ្នាំ២០១៧៖ គម្រោងនេះត្រូវបានដំណើរការដោយបុគ្គលមួយក្តាប់តូច ដែលធ្វើការសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ (១០% ក្នុងមួយខែ)។ ស្រដៀងគ្នាទៅនឹងករណីមុនដែរ គម្រោងនេះមិនមានការត្រួតពិនិត្យ និងផ្ទៀង-ផ្ទាត់ឡើយ ហើយក្រុមហ៊ុនបានរៀបចំអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។
និយ័តករមូលបត្រកម្ពុជាបានបន្ថែមថា ក៏មានរបាយការណ៍អំពីគម្រោងវិនិយោគដីធ្លីដែលបង្កឱ្យមានកំហឹង ហើយត្រូវបានចោទប្រកាន់ជាគម្រោងឆបោកផងដែរ។ ប្រតិបត្តិករខ្លះត្រូវបានចាប់ខ្លួន, ចោទប្រកាន់ និងដាក់ទោសតាមផ្លូវច្បាប់។
តាមនិយ័តករមូលបត្រកម្ពុជាបានបង្ហាញការណែនាំថា ដើម្បីស្វែងរកការវិនិយោគស្របច្បាប់ វិនិយោគិនគួរតែពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖
– តើក្រុមហ៊ុនគ្រប់គ្រងដោយអាជ្ញាធរពាក់ព័ន្ធដែរឬទេ?
– តើផលិតផលវិនិយោគទទួលបានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធដែរឬទេ?
– តើការវិនិយោគស័ក្តិសមទៅនឹងប្រាក់ចំណេញដែលបានសន្យាដែរឬទេ?
– តើគម្រោងវិនិយោគរួមមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីមេធាវី, សវនករ និងអ្នកជំនាញឯករាជ្យផ្សេងទៀតដែរឬទេ?៕
ប្រភព ៖ ក្រសួងព័ត៌មាន