ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ១១គ្រួសារ ក្នុងឃុំសណ្តែក ស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា អនុសាខា សាខាក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុប ១១គ្រួសរ ក្នុងនេះ កម្រិតធ្ងន់ចំនួន ៣គ្រួសារ និងស្រាលចំនួន ៨គ្រួសារ រស់នៅ ភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ១១ខ្នង ក្នុងឃុំសណ្ដែក ត្រូវរងការខូចខាត របើកសង្កសី និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ១១ខ្នង រងការខូចខាត កម្រិតធ្ងន់ និងស្រាល តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ទេ ។

លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ លោកជំទាវ បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ ទាំង ១១គ្រួសារ រួមមាន កម្រិតធ្ងន់ ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ៤០០,០០០រៀល និង ៨ គ្រួសារទៀត រងផលប៉ះពាល់កម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបានថវិកា ១០០,០០០ រៀល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close