ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រំភើបព្រោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២៤​ នេះ​ លោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បានដឹកនាំក្រមការងារអញ្ជេីញទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខជាពិសេសបញ្ហាឆ្អឹងខ្នងដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបាន ដោយកំពុងសម្រាកនៅផ្ទះកូនក្មួយនៅរាជធានីភ្នំពេញរង់ចាំការព្យាបាលបន្ត។

លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីអាការៈរបស់លោកយាយ ខាវ ថងញ៉ុត ប្រកបដោយការព្រួយបារម្ភ ព្រមទាំងបានរិះរកមធ្យោបាយផ្សេងៗដើម្បីសម្រាលបន្ទុកចំណាយរបស់លោកយាយ ដែលបច្ចុប្បន្នមានវ័យរហូតដល់៨៥ឆ្នាំទៅហើយ និងកំពុងរស់តែពីរនាក់កូនស្រីដែលមានវ័យ៧០ឆ្នាំហើយដែរនោះ។

ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត​ ដេីម្បីសម្រាលបន្ទុកចំណាយមួយផ្នែក និងដោយមើលឃើញថា ភរិយារបស់អធិរាជសំឡេងមាសជាអ្នកមានសទ្ធារក្សាសីលជាប្រចាំ លោកជំទាវក៏ជូននូវថវិកាដោយឡែកសម្រាប់លោកយាយធ្វើបុណ្យទានផងដែរ។

កាយវិការដ៏ប្រពៃរបស់ប្រធានសមាគមសិល្បករខ្មែរ ពិតមិនអាចធ្វើឱ្យភរិយាអធិរាជសំឡេងមាសរូបនេះ ទប់ទឹកភ្នែកបានឡើយ។

លោកយាយបានបង្ហាញអារម្មណ៍រំភើបព្រមជាមួយនឹងពាក្យពេចន៍អរគុណ និងជូនពរចំពោះលោកជំទាវប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់លោកយាយដែលជាភរិយារបស់អទិរាជសំឡេងមាស ស៊ីន ស៊ីសាមុត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close