រដ្ឋបាលខណ្ឌសែនសុខ មិនតម្រូវឲ្យមានការប្រមូលថវិកាពីអាជីវករលក់ដូរ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឲ្យមានការ លក់ដូរលើចិញ្ចើមផ្លូវនោះទេ…!
រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ មានគណនីហ្វេសបុករបស់បុគ្គលឈ្មោះ Nic Ky បានផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនង សង្គមរបស់ខ្លួនតាមរយៈវីដេអូ ដោយបាននិយាយថា “ជួយស៊ែបងប្អូន ប៉ូលិសសណ្តាប់ធ្នាប់ខណ្ឌសែនសុខពូកែ ណាស់ អាខាងដើរទារលុយ និងលើកយករបស់របរគេលក់។ បើធ្វើសណ្តាប់ធ្នាប់ គួរតែដើរប្រាប់មុនថា កុំដាក់ឆ័ត្រ រឺលក់លើផ្លូវ តែអានេះមកដល់លើកដាក់ឡានយកទៅ ជួនកាលមកសុំលុយ ម៉ាយួរ ពីរយួរ ទៀត ស៊ែអោយល្បីផង បងប្អូន”។
ចំពោះករណីខាងលើនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចខាងក្រោម៖ កន្លងមករដ្ឋបាលខណ្ឌសែនសុខ បានចុះធ្វើការណែនាំ និងអប់រំអ្នកលក់ដូរ និងការចតយានជំនិះតាម បណ្តោយផ្លូវខាងលើជាច្រើនលើកច្រើនសារ ប៉ុន្តែបងប្អូនអាជីវករ មិនស្តាប់តាមការណែនាំឡើយ ហើយនៅតែបន្ត ចតយានជំនិះ និងដាក់តាំងលក់ទំនិញនៅតាមចិញ្ចើមផ្លូវដដែល។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ធ្នាប់ និងសម្របសម្រួលចរាចរណ៍នៅតាមបណ្តោយ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ម្តុំផ្សារក្រមួន) ដែលបងប្អូនប្រជាពលរដ្ឋបានដាក់តាំងលក់ទំនិញ ម្ហូបអាហារ ព្រមទាំងចតយានជំនិះនៅលើផ្លូវ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងស្ទះចរាចរណ៍។ ដូចនេះកម្លាំងសណ្តាប់ខណ្ឌសែនសុខ បានធ្វើការដកហូតឆ័ត្រ និងកៅអីមួយចំនួន ដើម្បីអញ្ជើញម្ចាស់មកធ្វើការ អប់រំ និងប្រគល់សម្ភារៈខាងលើវិញ ដោយមិនមានការផាកពិន័យជាថវិកាឡើយ។
រដ្ឋបាលខណ្ឌសែនសុខមានផែនការចុះរៀបចំសណ្តាប់ធ្នាប់បណ្តោយផ្លូវនានាក្នុងមូលដ្ឋានខណ្ឌ ដើម្បី ធានាអោយបាននូវសណ្តាប់ធ្នាប់តាមដងផ្លូវល្អ របៀបរៀបរយល្អ និងបញ្ចៀសការកកស្ទះចរាចរណ៍។ ជាគោលការណ៍ រដ្ឋបាលខណ្ឌសែនសុខមិនតម្រូវឲ្យមានការប្រមូលថវិកាពីអាជីវករលក់ដូរ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឲ្យមានការ លក់ដូរលើចិញ្ចើមផ្លូវនោះទេ។ ក្នុងករណីមានអ្នកប្រមូលថវិកាពីបងប្អូនអាជីវករ សូមធ្វើការទំនាក់ទំនងមកលេខ៖ ០១២ ៤២២ ៤៤៧ ឬ ០៧៧ ៧៦៨ ៦៦៦។
ដូចនេះ រដ្ឋបាលខណ្ឌ សូមធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារថា “ជួយស៊ែបងប្អូន ប៉ូលីសសណ្តាប់ ធ្នាប់ខណ្ឌសែនសុខពូកែណាស់ អាខាងដើរទារលុយ និងលើកយករបស់របរគេលក់… ដែលបានបង្ហោះក្នុង គណនីបណ្តាញសង្គមខាងលើ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌសែនសុខ ស្នើម្ចាស់គណនីហ្វេសបុក ឈ្មោះ Nic Ky ត្រូវធ្វើការកែសម្រួលខ្លឹមសារដែលបានបង្ហោះផ្សាយនៅក្នុងគណនីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក ចៀសវាងសាធារណជនមានការភ័ន្តច្រលំមកលើការអនុវត្តរបស់រដ្ឋបាលខណ្ឌ ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីដែលអនុវត្តត្រឹមត្រូវតាមតួនាទី និងភារកិច្ច។ ក្នុងករណីដែលម្ចាស់គណនី ហ្វេសបុកខាងលើពុំបានកែសម្រួលខ្លឹមសាររបស់ខ្លួននោះទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាពត៌មាន។