បញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា
ភ្នំពេញ៖ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។
លោក រ៉េម សារ៉ុម (លោកគ្រូជ័យធន់) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បញ្ឈប់ការយកវីដេអូសកម្មភាពដែលប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់សង្គម និងជំនឿសាសនាដូចបញ្ជាក់ខាងលើទាំងចាស់ ទាំងថ្មីទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ប្រសិនបើរូបលោកនៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។