ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

ខេត្តពោធិ៍សាត់៖ តំណាងប្រជាពលរដ្ឋ និងអាជីវករ ចំនួន ១១៧ គ្រួសារ បាននាំគ្នាផ្ដិតមេដៃសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ទៅរាជរដ្ឋាភិបាលដើម្បីអនុញាតឱ្យពួកគាត់បានបន្តកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត និងផ្តល់កម្មសិទ្ធិលើទីតាំងដីនៅតាមដងផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជើងភ្នំ១៥០០ដែលពួកគាត់បានកាន់កាប់-ទិញ ស្នាក់អាស្រ័យ បង្កបង្កើនផល និងប្រកបអាជីវកម្ម ជាច្រើនឆ្នាំមកហើយ និងបានចំណាយថវិកាជាច្រើនដើម្បីអភិវឌ្ឍ និងវិនិយោគសាងសង់ ជាហាងកាហ្វេ ហាងលក់ទំនិញ ភោជនីយដ្ឋាន កន្លែងលំហែទេសចរណ៍ បែបធម្មជាតិ និងបានដាំដើមឈើហូបផ្លែជាច្រើនទៀត នៅលើទីតាំងដីទាំងនេះ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន យើង ទទួលបានកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងលិខិតសុំកិច្ចអន្តរាគមន៍បានបញ្ជាក់ថា ពួកគាត់បាននិងកំពុងកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត នៅលើទីតាំងដីខាងលើ ដែលពួកគាត់បានកាន់កាប់-ទិញ ស្នាក់អាស្រ័យ បង្កបង្កើនផល និងប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ ជាច្រើន ឆ្នាំមកហើយ ប្រកបដោយភាពសុខដុមរមនា និងសោមនស្សចំពោះសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ភូមិ-ឃុំ ដែលជា សមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេស រាជរដ្ឋាភិបាលដែលដឹកនាំដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចពុក។ ពួកគាត់ក៏បានចូលរួមអភិវឌ្ឍមូលដ្ឋាន និងគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតគាំទ្រជាច្រើនលើកផងដែរ។ ក៏ប៉ុន្តែនាពេលថ្មីៗនេះ អំឡុងថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៤ ពួកគាត់ មានការតក់ស្លុត និងរងទុក្ខព្រួយជាទម្ងន់ ដោយសារមានការជូនព័ត៍មានតាមទូរសព្ទដៃ និងការប្រជុំនៅសាលាខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការដោះស្រាយតំបន់អន្ទង់អាំង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់បៃតងជំហានទី១ ក្រោមធិបតីវត្តមានឯកឧត្តម កែវ រតនៈ និងឯកឧត្តមអភិបាលខេត្តពោធិ៍សាត់។

នៅលិខិតបានបញ្ជាក់ទៀតថា ពួកគាត់បានកាន់កាប់-ទិញ ស្នាក់អាស្រ័យ បង្កបង្កើនផល និងប្រកបអាជីវកម្ម ជាច្រើនឆ្នាំមកហើយ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ផងដែរនោះ គឺមានទីតាំងក្បាលដីជាប់នឹងដងផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិដីក្រហម ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយមិនពាក់ព័ន្ធនឹងព្រៃភ្នំ ឬតំបន់ផ្លូវអន្ទង់អាំងដែលត្រូវអភិរក្សឡើយ។

បើតាមលោកស្រី អេង អាន បានប្រាប់បណ្ដាញសារព័ត៌មាន យើង ឲ្យបានដឹងនៅរសៀលថ្ងៃទី៧ ខែឧសភាថា គាត់ក៏ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋចំនួន១១៧គ្រួសារដែលរងនូវផលប៉ះពាល់ផងដែរ។ លោកស្រីបន្តថា គាត់បានមករស់នៅទីនេះយូរណាស់មកហើយ តាំងពីមិនទាន់កើតថ្នល់ឯណោះ តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គាត់បានបន្តឲ្យដឹងយ៉ាងដូច្នេះទៀតថា ពីដំបូងឡើយគាត់គ្រាន់តែមករកស៊ីនៅទីនេះ ប៉ុន្តែគាត់ចេះតែរកបាន ដូចជាកាត់ស្លឹកចេក កាត់អីអញ្ចឹងទៅ។ គាត់បន្តទៀតថា តាំងពីគាត់មករស់នៅទីនេះ គាត់មិនដែលបានដឹងថា ជាតំបន់ប៉ះពាល់ទេ គឺគាត់លឺត្រឹមតែស្ពានទៅលើនោះតែប៉ុណ្ណោះ ហើយត្រឹមស្ពានមកផ្ទះគាត់មិនដែលលឺថារងផលប៉ះពាល់អ្វីនោះទេ បើលឺថាដីផ្ទះរបស់គាត់មានផលប៉ះពាល់ ក៏គាត់មិនអាចមករស់នៅរហូតដល់សព្វថ្ងៃនេះទេ ទើបតែថ្មីៗនេះទេលឺថា ដីផ្ទះរបស់គាត់រងនូវផលប៉ះពាល់ ហើយត្រូវខាងរដ្ឋបាលខេត្ត តម្រូវឲ្យគាត់រុះរើចេញ។ លោកស្រីក៏បានបន្តជាសំឡេងដ៏ស្លូតទន់ភ្លន់ថា តើឲ្យគាត់រុះរើទៅណា បើគាត់មានតែដីប៉ុណ្ណឹងទេ។

បើតាមលោកស្រី ភិន ផល្លា ជាប្រជាពលរដ្ឋម្នាក់ដែលមានប្ដីជាមន្ត្រីយោធាចូលនិវត្សបានប្រាប់ឲ្យដឹងដែរថា គាត់បានមករស់នៅទីតាំងនេះ រយះពេល១៧ឆ្នាំមកហើយ តាំងពីកំណើតកូនស្រីពៅរបស់គាត់ ឥឡូវនាងធំ អាយុ១៧ឆ្នាំហើយ។ លោកស្រី ផល្លា បានបន្តថា គាត់បានទៅប្រជុំនៅសាលាខេត្តពោធិ៍សាត់ចំនួន៣ដង ហើយខាងខេត្តនិយាយថា ដីរបស់គាត់ត្រូវបានគេយកហើយ សុំនៅក៏មិនបាន សុំសំណងក៏មិនបានដែរ បើសុំដោះដូរប្រហែលជាបាន។ លោកស្រីដែលស្វាមីជាទាហានរូបនេះបានបន្តឲ្យដឹងយ៉ាងនេះថា គ្រាន់តែលឺសូរអញ្ចឹង គាត់ក៏ធ្លាក់ថ្លើមគ្ដុក ដែលគាត់បានខំតស៊ូមករួមរស់នៅជាមួយប្ដីជាទាហានយូរណាស់មកហើយ ដោយប្ដីរបស់គាត់ចូលបម្រើការជាទាហានតាំងពីឆ្នាំ១៩៨៦ហើយ។ លោកស្រីបានរៀបរាប់ឲ្យដឹងថា គាត់ទម្រាំបានដល់សព្វថ្ងៃគាត់ខំជំរះស្មៅ ដាំល្ង ដាំសណ្ដែក ដាំពោត កាត់ស្លឹកចេក ហើយគាត់បានដាំធុរេនបានជាង១០០ដើម ហើយក៏ធំៗដែរ។ លោកស្រីរូបនេះបានបញ្ជាក់ថា ទីតាំងដីផ្ទះរបស់គាត់ក៏ធ្លាប់មានកក្រុមនិស្សិតមកវាស់វែងធ្វើប្លង់កម្មសិទ្ធិឲ្យដែរ ហើយក៏មានការទទួលពីអាជ្ញាធរភូមិ ឃុំផងដែរ។ ទាំងពីរនាក់ប្ដីប្រពន្ធរូបនេះក៏បានសំណូមពរដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតីជួយឲ្យពួកគាត់បានរស់នៅបន្តនៅទីតាំងនេះដដែល ព្រោះពួកគាត់មិនមានថវិកាអ្វីដើម្បីរុះរើ ហើយកន្លែងថ្មីដែលគេថាអោយ ក៏មិនដឹងថានៅកន្លែងណា ពួកគាត់អត់ដឹងច្បាស់។

បើតាមលោក ថៃ ថេរៈគុណ បានឲ្យដឹងថា គាត់បានទិញដីមួយកន្លែងនៅក្នុងកំឡុងឆ្នាំ២០២២ ដោយមានក្បាលដីជាប់ផ្លូវកៅស៊ូ៣២ម៉ែត្រ និងបណ្ដោយ៦០ម៉ែត្រទល់អូរខាងកក្រោយដែលមានតម្លៃប្រមាណជា១១ម៉ឺនដុល្លារហើយគាត់បានចំណាយទន់វិនិយោគជាមួយដៃគូអភិវឌ្ឍន៍អស់លុយប្រមាណជា៦០ម៉ឺនដុល្លារ។ លោកបន្តថា លោកក៏បានសួរអាជ្ញាធរភូមិ ឃុំនូវហេតុផលពីបញ្ហាផ្លូវច្បាប់ថាតើគាត់អាចសាងសង់និងធ្វើការវិនិយោគបានដែរឬទេ ដោយអាជ្ញាធរភូមិ ឃុំបានអះអាងប្រាប់គាត់ថា នៅតំបន់នេះ ចាប់ពីស្ពាន៣៥ ដែលគេហៅថា ជើងភ្នំអន្ទង់អាំងចុះមកខាងក្រោមគឺមិនមានការហាមប្រាម មិនមានការហាមឃាត់ដោយប្រការណាមួយឡើយ។ លោកបន្តឲ្យដឹងទៀតថា ចាប់ពីទីតាំងហាងគាត់ទៅស្ពាន៣៥ មានប្រវែងប្រហែលជា៣០០ម៉ែត្រទៀតឯណោះ។ លោកបន្តថា កន្លងមក កាលពីអតីតអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន្ទ ក៏ធ្លាប់បានហាមឃាត់ មិនឲ្យសាងសង់សំណង់ ដាំដំណាំ ឬបង្កបង្កើនផលអ្វូីទាំងអស់ប៉ុន្តែគឺចាប់ពីស្ពាន៣៥ ឡើងទៅលើភ្នំអន្ទង់អាំងឬតំបន់ផ្លូវអន្ទង់អាំងតែប៉ុណ្ណោះ។

លោក ថេរៈគុណ ក៏បានលើកឡើងនៅក្នុងលិខិតសុំកិច្ចអន្តរាគមន៍យ៉ាងដូច្នេះដែរថា ក្នុងកាលៈទេសៈ និង ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បាននិងកំពុងជួបការលំបាកក្នុងការរកទទួលទាន ចិញ្ចឹមជីវិតប្រចាំថ្ងៃផងនោះ រាជរដ្ឋាភិបាលមិនគួរចាត់វិធានការរុះរើ បណ្តេញ និងរឹបអូសយកដីជាទីតាំងស្នាក់អាស្រ័យ និងចញ្ចឹមជីវិតខាងលើរបស់ពួកគាត់ឡើយ ព្រោះនេះជាការដាក់បន្ថែមបន្ទុក និងការលំបាកបន្ថែមទៀតដល់ពួកគាត់ និងអាចជាការប៉ះពាល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសុខដុមនីយកម្មនៃសង្គមផងដែរ។ លោកបន្តថា ដើម្បីអនុញ្ញាតឱ្យពួកគាត់អាចមានទីស្នាក់អាស្រ័យ និងបន្តសម្មភាពការងារអាជីវកម្ម ចញ្ចឹមជីវិតប្រចាំថ្ងៃបន្តទៀត ក៏ដូចជាការចូលរួមអនុវត្តនយោបាយវិនិយោគ និងអភិវឌ្ឍបែបស្បែកខ្លា(ការអភិវឌ្ឍន៍បែប ស្បែកខ្លា ជាការអភិវឌ្ឍន៍នៅនឹងកន្លែងមិនបណ្ដេញប្រជាពលរដ្ឋចេញ ការអភិវឌ្ឍន៍ដែលមានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ ហើយជាការអភិវឌ្ឍន៍ដែលចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងទទួលបាននូវ អំណរសាទរ និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល និងអាចកាត់បន្ថយចំណាកស្រុកផងដែរ) ដែលជាគោលការណ៍វិនិយោគចំបងអនុវត្តដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចពុកប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់កន្លងមក។

បើតាមការសំណូមពររបស់របស់ប្រជាពលរដ្ឋ ពួកគាត់នៅតែទទូចស្នើសុំការអនុញាត្តឱ្យពួកគាត់បន្តកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត នៅលើទីតាំងដីខាងលើនេះបន្តទៀត និងជួយផ្តល់កម្មសិទ្ធិលើទីតាំងខាងលើដល់ពួកគាត់ផង។

 

ជុំវិញករណីខាងលើ អង្គភាពព័ត៌មានយើងខ្ញុំ នឹងផ្សាយលម្អិតបន្ថែម ទៀត ប្រសិនបើមាន ការពន្យល់បកស្រាយ ពី ស្ថាបន ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close