លោក គួច ចំរើន ៖ សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ គឺខ្វះបណ្តាញទុយោទឹកភ្ជាប់ទៅតំបន់សេដ្ឋកិច្ចតែប៉ុណ្ណោះ…!
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ គឺខ្វះបណ្តាញទុយោទឹកភ្ជាប់ទៅតំបន់សេដ្ឋកិច្ចតែប៉ុណ្ណោះ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងតំបន់សេដ្ឋកិច្ចមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឱ្យយើងតបណ្តាញមេចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីធ្វើការចែកចាយទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមហ៊ុន អានកូ ពន្លឿនការតបណ្តាញទឹកស្អាតទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿនឆាប់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃបានទាន់ពេលវេលា។
លោក ណាំ គាតេង នាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារឆ្នាំ២០២៤នេះ រដូវប្រាំងបានអូសបន្លាយ ធ្វើឱ្យការប្រើប្រាស់ទឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការខ្វះខាតទើប តំបន់សេដ្ឋកិច្ចពិសេសបានស្នើឱ្យក្រុមហ៊ុនអានកូ តបណ្តាញទឹកស្អាតចូលទៅអាងស្តុបទឹករបស់តំបន់សេដ្ឋកិច្ច ដើម្បីធ្វើការចែកចាយបន្តទៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកនាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងមមាញឹកក្នុងការតបណ្តាញទុយោថ្មីចំនួន ២ខ្សែ ក្នុងមួយខ្សែៗមានមុខកាត់ ៤០០មីលីម៉ែត្រ និងមានប្រវែងជាង ២គីឡូម៉ែត្រ អាចផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃ ១ម៉ឺនម៉ែត្រគូប។
ចំពោះការតបណ្តាញថ្មីនេះ គ្រោងចំណាយពេលចំនួនពីរថ្ងៃ សង្ឃឹមថា នៅពេលខាងមុខតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងមិនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ។








