ខេត្តព្រះវិហារ ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ្តិ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថាមានករណី ជនសង្ស័យលួចបាញ់ក្របី របស់ខ្លួនស្លាប់ នៅចំណុចចំការរបស់ឈ្មោះ ហេង ចេតនា ហៅ ចែវ ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅជាមួយគ្នា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរតនៈ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសាក្សីឈានទៅដល់ការកំណត់មុខសញ្ញា ឈ្មោះ ហេង ចេតនា ហៅចែវ រស់នៅភូមិ ឃុំកើតហេតុ មកធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធ AK47 បាញ់ទៅលើសត្វក្របីចំនួន ០២ក្បាល បណ្តាលឲ្យងាប់ នៅលើចំការរបស់ខ្លួនចំនួន ០១ក្បាល និងចំនួន ០១ក្បាលទៀតរត់ចេញទៅក្រៅ ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកអាវុធទៅលាក់ទុកក្រោមគ្រែក្នុងផ្ទះរបស់ខ្លួន។
ក្រោយពីបានទទួលចម្លើយសារភាពនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំជនសង្ស័យទៅឆែកឆេរ និងដកហូតយកអាវុធ AK47 បានចំនួន ០១ដើម និងបង់ចំនួន០២ យកមកបំពេញនិតិវិធីតាមផ្លូវច្បាប់ ។