រដ្ឋបាលខណ្ឌច្បារអំពៅ ៖ ចំពោះការទន្ទ្រានកាន់កាប់ដីសាធារណៈ ដោយបុគ្គលខិលខូច រដ្ឋបាលខណ្ឌនៅតែបន្តទប់ស្កាត់ និងពង្រឹងការអនុវត្តវិធានការច្បាប់ដែលមាន

រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា ៖ ថ្មីៗនេះមាន គេហទំព័រ KH Plus News បានធ្វើការផ្សាយផ្ទាល់ពាក់ព័ន្ធករណីប្រជាពលរដ្ឋតវ៉ាអំពីបញ្ហាដីធ្លី ស្ថិតនៅក្រោយវត្តចំប៉ា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខណ្ឌ សូមធ្វើការបំភ្លឺដូចតទៅ៖ នៅទីតាំងខាងក្រោយវត្តចំប៉ា ស្ថិតក្នុងភូមិជ្រោយអំពិល និងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ មានដីសាធារណៈរបស់រដ្ឋចំនួន ០២ទីតាំងគឺ ៖

ទីតាំងទី១ ជាដីតារាងបាល់ ស្ថិតនៅភូមិជ្រោយអំពិល១ ។ ទីតាំងនេះមានព្រំប្រទល់ខាងលិច និងកើត ជាប់ដីឯកជនរបស់ប្រជាពលរដ្ឋ ។ ខាងត្បូងជាប់សហគមន៍កាតូលិកចំប៉ា ។ ដោយអ្នករស់នៅក្នុងសហគមន៍ចេះតែ ទន្ទ្រានកាន់កាប់លើដីតារាងបាល់ រដ្ឋបាលខណ្ឌបានធ្វើរបងស័ង្កសីដើម្បីការពារនិងទប់ស្កាត់ការទន្ទ្រានកាន់កាប់ ដោយខុសច្បាប់នេះ។ ផ្នែកខាងជើងជាប់ដីចំណីទន្លេ(ទន្លេមេគង្គក្រោម) ។ ទីតាំងដីចំណីទន្លេផ្នែកខាងជើងនេះ ជាកន្លែងលិចទឹកហើយពុំដែលមានការបង្កបង្កើនផលទេ គឺជាទីតាំងអ្នកសហគមន៍កាតូលិកចំប៉ាចតទូកតែប៉ុណ្ណោះ។ កន្លងមកទីតាំងដីចំណីទន្លេនេះ មានបុគ្គលខិលខូចបានលួចបោះបង្គោលលើដីចំណីទន្លេនេះរហូតដល់ក្នុងទន្លេ ទៀតផងក្នុងគោលបំណងដើម្បីទន្ទ្រានកាន់កាប់នៅក្នុងអំឡុងចុងឆ្នាំ២០២១ ប៉ុន្តែត្រូវបានរដ្ឋបាលខណ្ឌដកបង្គោល នោះចេញវិញ ។ នៅក្នុងឆ្នាំ២០២៤ ដីចំណីទន្លេផ្នែកខាងជើងដីតារាងបាល់បានគោកមានប្រវែងវែង ជាហេតុ ធ្វើឲ្យក្រុមបុគ្គលខិលខូចឆ្លៀតឱកាសទៅបោះបង្គោលថ្ម សាងសង់រោង និងដាំកូនដើមចេក ដើម្បីទន្ទ្រាន កាន់កាប់ដីដោយខុសច្បាប់ជាថ្មីម្តងទៀត ។ ករណីនេះ រដ្ឋបាលខណ្ឌ ក៏បានដកបង្គោលថ្ម រុះរើរោង និងដកកូន ដើមចេកចេញវិញទាំងអស់ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៤នេះ ។

ទីតាំងទី២ ជាដីដុះនៅដាច់ពីដីតារាងបាល់ (ទីតាំងទី១) ដោយព្រែក (ទន្លេមេគង្គក្រោម) ស្ថិតក្នុងភូមិ ជ្រោយអំពិល និងភូមិជ្រោយអំពិល១ គឺជាដីសាធារណៈរបស់រដ្ឋ។ តាមរយៈលិខិតលេខ៥៧ សជណ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ទីតាំងនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន ៣ អិលអឹមធី អិនវេសម៉ិន.ឯក. ជួល ដើម្បីធ្វើការអភិវឌ្ឍ ដោយតម្រូវឲ្យក្រុមហ៊ុន ត្រូវដោះស្រាយគោលនយោបាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង និងត្រូវធានានូវផ្លូវទឹកទន្លេ ដែលមាននៅជុំវិញទីតាំងដីដុះនេះ ។

អនុវត្តតាម ស.ជ.ណ ខាងលើ និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ បានចេញសេចក្តីជូនដំណឹងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ ដើម្បីចុះវាស់វែងកំណត់អត្តសញ្ញាណក្បាលដី ដែល ប្រជាពលរដ្ឋ បាននិងកំពុងគ្រប់គ្រង និងអាស្រ័យផលជាក់ស្តែងសរុបចំនួន ៣៦ក្បាលដី និងបានអញ្ជើញអ្នក ពាក់ព័ន្ធទាំងនោះមកសម្របសម្រួលតាមខ្លឹមសារ ស.ជ.ណ ខាងលើ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ នៅសាលាខណ្ឌច្បារអំពៅ ។ ក្នុងការសម្របសម្រួលនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទទួលយកគោលនយោបាយ ។

មួយចំនួនស្នើសុំតម្លៃលើសពីការកំណត់ដោយស.ជណ.។ មួយចំនួនទាក់ទងពុំបាន និងមួយចំនួនទៀតពុំចូលរួម

ដោះស្រាយតែម្តង ដោយបញ្ជាក់ថា ខ្លួនបានលក់ដីនោះទៅឲ្យអ្នកផ្សេងហើយ (បញ្ជាក់ៈ ការទិញ-លក់ ពុំមានការទទួលស្គាល់ដោយអាជ្ញាធរសង្កាត់ក្បាលកោះ ឬអាជ្ញាធរខណ្ឌច្បារអំពៅទេ) ។

រដ្ឋបាលខណ្ឌ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រុមបុគ្គលមួយចំនួនដែលបានសម្ភាសន៍តាមបណ្តាញ ទំនាក់ទំនងសង្គមថ្មីៗនេះ គឺពួកគាត់ផ្តល់បទសម្ភាសន៍ ដោយច្របូកច្របល់ដែលអាចថាជាការនិយាយបន្លំរវាង ដីចំណីទន្លេ (ទីតាំងទី១) ដែលខ្លួនទន្ទ្រានកាន់កាប់ដោយបានបោះបង្គោលថ្ម សាងសង់រោង និងដាំដើមកូនចេក ដែលសកម្មភាពមិនប្រក្រតីនេះ ពេលខ្លះធ្វើឡើងនៅម៉ោងប្រមាណ ០៥:០០ព្រឹក និងពេលខ្លះធ្វើឡើងនៅម៉ោង ២១:០០យប់ និងដីដុះ (ទីតាំងទី២) ដែលកន្លងមកបងប្អូនប្រជាពលរដ្ឋខ្លះបានអាស្រ័យផលប្រាកដមែន ។

រដ្ឋបាលខណ្ឌសូមបញ្ជាក់ថា ចំពោះការទន្ទ្រានកាន់កាប់ដីសាធារណៈនៅទីតាំងទី១ ដោយបុគ្គលខិលខូច គឺរដ្ឋបាលខណ្ឌនៅតែបន្តទប់ស្កាត់ និងពង្រឹងការអនុវត្តវិធានការច្បាប់ដែលមាន ។

ដោយឡែកចំពោះទីតាំងទី២ ជាដីដុះដែលបងប្អូនគ្រប់គ្រង និងអាស្រ័យផលជាក់ស្តែងកន្លងមក រដ្ឋបាលខណ្ឌ នៅតែបន្តអនុវត្តតាមការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងខ្លឹមសារនៃលិខិតលេខ ៥៧ ស.ជ.ណ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនដែលជាអ្នកបណ្តាញព័ត៌មានសង្គម មេត្តាឈប់យល់ច្រឡំ និងមេត្តាជ្រាបជាព័ត៌មានតាមការគួរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close