កំហុសបច្ចេកទេសក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការកែតម្រូវ ឯកសារយោង ទីកន្លែងដាក់ពាក្យ និងរយៈពេលទទួលបាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់ថា កំហុសបច្ចេកទេសក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺការវាយបញ្ចូលទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណ ខុសពីទិន្នន័យនៃឯកសារយោង ដែលសាមីខ្លួនបានភ្ជាប់មកជាមួយពេលថតធ្វើ។ ក្រោយទទួលបានអត្តសញ្ញាណប័ណ្ណភ្លាម សាមីខ្លួនត្រូវពិនិត្យ ផ្ទៀងផ្ទាត់មើលទិន្នន័យទាំងអស់ រួមមាន ឈ្មោះ អក្សរឡាតាំង ភេទ កំពស់ ទីកន្លែងកំណើត អាសយដ្ឋាន ភិនភាគ។ល។

ក្នុងករណីពិនិត្យឃើញថា មានព័ត៌មានខុសពីព័ត៌មានក្នុងឯកសារ ឬភស្តុតាងផ្លូវការនានាដែលសាមីខ្លួនបានផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ សាមីខ្លួនត្រូវតវ៉ាទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅដ្ឋានរបស់ខ្លួន ឬនៅសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដែលមានព័ត៌មានខុស និងឯកសារភស្តុតាងផ្លូវការនានា ដែលផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ។

ការកែតម្រូវព័ត៌មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃដែលបានទទួលការតវ៉ាសុំកែតម្រូវរបស់ប្រជាពលរដ្ឋនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅសាខាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរផ្សារអ៉ីអន២ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធ រហូតដល់ថ្ងៃប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានកែតម្រូវរួចជូនប្រជាពលរដ្ឋ។

ក្រៅពីកំហុសបច្ចេកទេស រាល់ការកែតម្រូវអត្តសញ្ញាណប័ណ្ណបានលុះត្រាតែមានការកែតម្រូវអត្រានុកូលដ្ឋានជាមុនតាមនីតិវិធី ឬ តាមការសម្រេចរបស់តុលាការ ។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close