ពលរដ្ឋស្នើ ឱ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវ ករណី ចាប់មនុស្សដាក់គុក ដែលផ្តើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ ! បំភ្លឺដូចខាងក្រោម
ខេត្តកណ្តាល៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនិងគេហទំព័រសារព័ត៌មាន ដើមរាំង ដែលបានចុះផ្សាយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានខ្លឹមសារថា ៖ ពលរដ្ឋស្នើ ឱ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវ ករណី ចាប់មនុស្សដាក់គុក ដែលផ្តើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ។
នៅថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធករណី ទូកអូសឈើគ្មានច្បាប់អនុញ្ញាត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចច្រាំងទឹកទន្លេមេគង្គជិត ស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែកអាញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានជនសង្ស័យជាម្ចាស់ឈើឈ្មោះ ង៉ូ យ៊ាំងលុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរនេសាទត្រី។
ពេលនោះសមត្ថកិច្ចបានសម្រេចដកហូត ដើមឈើទាលងាប់ ០១ដើម ប្រវែង១៩,៧០ ម៉ែត្រ ទំហំអង្កត់ផ្ចិតចុង០.៩៨៧ម៉ែត្រ ទំហំអង្កត់ផ្ចិតគល់១.៩៧៤ម៉ែត្រ ដែលមានមាឌសរុប៣៣,៨៩០ម៉ែត្រត្រីគុណ ដោយបានធ្វើការស្រង់ចេញពីក្នុងទឹកទន្លេ និងអូសទាញមកលើគោក នៅជាប់ច្រាំងទន្លេមេគង្គ នៅក្បែកន្លែងកើតហេតុ។ បន្ទាប់មក ក្រុមការងារបានប្រគល់ឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ថែរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ។ ចំពោះការចាប់ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវនៃច្បាប់ព្រៃឈើ។ ក្នុងពេលដែលជំនាញពាក់ព័ន្ធកំពុងតែត្រួតពិនិត្យទៅលើឯកសារពាក់ព័ន្ធរួមជាមួយវត្ថុតាងនោះ ស្រាប់ជនសង្ស័យឈ្មោះ ង៉ូ យ៊ាំងលុង បានកាត់ផ្តាច់វត្ថុតាងមួយចំនួនចេញពីកន្លែងកើតហេតុ ដែលសមត្ថកិច្ចបានឃាត់រក្សាទុកបណ្តោះអាសន្ននោះ។ ខណៈពេលនោះសមត្ថកិច្ចជំនាញពាក់ព័ន្ធបានស្រាវជ្រាវអនុវត្តទៅតាមនីតិវិធីច្បាប់ ដោយអនុលោមទៅតាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីព្រៃឈើ។
រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ង៉ូ យ៊ាំងលុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ដាក់ពន្ធនាគារដែលជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់។
បញ្ជាក់៖ ពាក់ព័ន្ធទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន ដើមរាំង ខាងលើ គឺជាការចុះផ្សាយនូវព័ត៌មានមិនមែនជាការពិត ក្នុងការញុះញង់ឱ្យមានការរើសអើងចំពោះការអនុវត្តច្បាប់។ ហេតុដូចនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ ទៅលើសារព័ត៌មាន ដើមរាំង ទៅតាមនីតិវិធី។
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!