អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបចូលរួមក្នុងវេទិកា Maekyung កម្ពុជា ក្រោមប្រធានបទ៖ «ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព
សមាគមឧកញ៉ាកម្ពុជា ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបចូលរួមក្នុងវេទិកា Maekyung កម្ពុជា ក្រោមប្រធានបទ៖ «ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព៖ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត» ដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុន Maekyung Media Group, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA), និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងចែករំលែកព័ត៌មានអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ព្រមទាំងសក្ដានុពល និងកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ជាពិសេសការស្វែងរកកិច្ចសហការ និងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា-កូរ៉េ។
កម្មវិធីដ៏អធិកអធមដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, ឧកញ៉ា, និងភ្ញៀវកិត្តិយសតំណាងក្រសួង ស្ថាប័ន និងវិស័យឯកជនសរុបប្រមាណ ២៦០រូបនេះ មានប្រធានបទចំនួន ៣ ត្រូវបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖
ទី១៖ បរិយាកាសវិនិយោគនៅកម្ពុជាដោយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និង ឯកឧត្តម Allen Tan ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទី២៖ ករណីសិក្សាស្តីពីភាពជោគជ័យនៃសហគ្រាសកូរ៉េនៅកម្ពុជាដោយ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៣៖ យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ-កម្ពុជាដោយ ឯកឧត្តម ស៊ីម សុខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឧកញ៉ា ភូ សេតុង នាយកប្រតិបត្តិ Anco Group, និង លោក Lee Sangyeop នាយកប្រតិបត្តិក្រុមហ៊ុន Barun (Cambodia) Accounting & Consulting Co., Ltd.។










