បង្ហោះហ្វេសប៊ុក ៖ គាត់ធ្វើដំណើរទៅមុខនៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ហេតុអ្វីមន្ត្រីនគរបាលចរាចរណ៍ ហៅឃាត់រថយន្តសួរនាំ? ពេលនេះ ប៉ូលិស បំភ្លឺថា

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនចំពោះគណនីឈ្មោះ Kimsour Eung បានបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមខ្លឹមសារ គាត់ធ្វើដំណើរទៅមុខនៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ហេតុអ្វីមន្ត្រីនគរបាលចរាចរណ៍ ហៅឃាត់រថយន្តសួរនាំ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវ២០១១ ខាងជើងស្តុប២០០៤ នៅខណ្ឌពោធិ៍សែនជ័យ ខណៈនោះមានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពេលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។ លុះបន្ទាប់ពីភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតងលោតឡើង រថយន្តនោះបានធ្វើដំណើរទៅមុខ ខណៈនោះមន្ត្រីនគរបាលប្រចាំគោលដៅខាងលើ ហៅឃាត់រថយន្តឱ្យឈប់ចូលអែបកៀន ដើម្បីធ្វើការសួរនាំ បន្ទាប់មកឃើញស្ត្រីនោះមានផ្ទៃពោះចុះពីក្នុងរថយន្ត សមត្ថកិច្ចក៏បានអប់រំណែនាំចំពោះការឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ហើយក៏អនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខដោយមិនមានការផាកពិន័យនោះទេ។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close