រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យ និងរថយន្តលើសទម្ងន់ ០១គ្រឿងទៀត ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ ២០អេ​ ភូមិគងនយ​ សង្កាត់គងនយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៩គ្រឿង​ មានបំពាក់ឡូហ្គូ​ SSP, NC, DN, R និង L.M.H ដែលក្នុងនោះយានយន្តចំនួន ០៥គ្រឿង​ ដឹកលេីសក្នុងកម្រិតអនុគ្រោះ​ ត្រូវបានណែនាំ និងអនុញ្ញាតឱ្យបន្តដំណេីរទៅមុខ​ ចំណែក​យានយន្តចំនួន​ ០៤គ្រឿងទៀត​ បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៦-១៤ តោន ដោយក្នុងនោះ រថយន្ត ០៣គ្រឿង ត្រូវបានពិន័យ និង រថយន្ត០១ គ្រឿងទៀតត្រូវបាន ពិន៏យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close